កម្ពុជានាំចេញផលិតផលកសិផល ផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ ក្នុងទំហំជិត ១១ពាន់លានដុលារ ក្នុងឆមាសទី១
ភ្នំពេញ៖ កម្ពុជាបាននាំចេញផលិតផលកាត់ដេរ ផលិតផលវិនិយោគមិនមែនកាត់ដេរនិងកសិផល ក្នុងឆមាសទី១ ឆ្នាំ២០២២ មានទំហំជិត ១១ពាន់លានដុលារ។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២១ ការនាចេញផលិតផលកាត់ដេរកើនឡើង ៣៩ភាគរយ ផលិតផលមិនមែនកាត់ដេរ កើតឡើង ៤០ភាគរយ និងការនាំចេញកសិផល កើនឡើងតែ១០,២ភាគរយប៉ុណ្ណោះ។ នេះបើតាមការបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅថ្ងៃទី០៣ ខែសីហានេះ។
សម្រាប់ការនាំចេញផលិតផលកាត់ដេរមានចំនួន ៦ ៥៦១,៩លានដុល្លារ ធៀបនឹងឆមាសទី១ ឆ្នាំ២០២១ កើនឡើងប្រមាណ ១ ៨៤០,៦លានដុល្លារ ស្មើនឹង ៣៩% ខណៈការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជាគ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀតមានចំនួន ២ ៦៥៩,១លានដុល្លារ កើនឡើងប្រមាណ ៧៥៩,៤លានដុល្លារ ស្មើនឹង៤០% ។
ចំពោះការនាំចេញកសិផលវិញ មានចំនួន ១ ៧៤១លានដុល្លារ កើនឡើងប្រមាណ ១៦០,៥លានដុល្លារ ស្មើនឹង ១០,២% បើធៀបនឹងឆ្នាំ២០២១ ក្នុងឆមាសទី១ ដូចគ្នា។ ក្នុងនោះ មានស្រូវនាំចេញមានតម្លៃ៣៦៨,៣ លានដុល្លារ ថយចុះប្រមាណ ៥៦,៨លានដុល្លារ ស្មើនឹង១៣,៤% ខណៈការនាំចេញអង្ករមានតម្លៃ ២០៤លានដុល្លារ ថយចុះប្រមាណ ០,២ លានដុល្លារ ស្មើនឹង ០,១% និងកៅស៊ូនាំចេញមានតម្លៃ ១៨១,៧ លានដុល្លារ កើនឡើងប្រមាណ ២៤,១លានដុល្លារ ស្មើនឹង ១៥,៣% ។ ចំណែកកសិផលផ្សេងទៀតដែលមានតម្លៃ ៥២៣,៦លានដុល្លារ កើនឡើង ៨៥,១លានដុល្លារ ស្មើនឹង ១៩,៤% ៕