CDC អនុម័តឱ្យក្រុមហ៊ុនចំនួន៥ បោះទុនជាង ២៦លានដុល្លារ បង្កើតរោងច្រកនៅភ្នំពេញ កំពង់ស្ពឺ និងខេត្តព្រះសីហុន
Posted by -
Phoung Somphors
Published on -
9/8/2022 11:36 AM

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគ និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន ៥បោះទុនប្រមាណ ២៦,៣២លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅរាជធានីភ្នំពេញចំនួន ៣កន្លែង ខេត្តកំពង់ស្ពីមួយ និងមួយកន្លែងទៀតនៅក្នុងខេត្តព្រះសីហុន។ នេះបើតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ ដោយគម្រោងវិនិយោគនេះអាចបង្កើតការងារបានជាង៤ពាន់កន្លែង។

បើតាម CDC មានក្រុមហ៊ុនចំនួន ៣បង្កើតរោងចក្រនៅរាជធានីភ្នំពេញ ក្នុងនោះមានក្រុមហ៊ុន Solar Long PV-Tech (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំ មានទុនវិនិយោគចំនួន ១២លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៥០០នាក់។ ចំណែក ក្រុមហ៊ុន Taica (Cambodia) Corporation គម្រោងបង្កើតរោងចក្រផលិតគ្រាប់ជ័រមានទុនវិនិយោគចំនួន ៦២ម៉ឺនដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ២០នាក់។ ក្រុមហ៊ុនទាំង២នេះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ។

ចំណែក ក្រុមហ៊ុនមួយទៀតគឺ FUKKIAPPAREL AND LAUNDRY TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរនិងបោកគក់សម្លៀកបំពាក់ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក។ ក្រុមហ៊ុននេះ មានទីតាំងវិនិយោគស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងអាចបង្កើតការងារបានចំនួន ២ ៤០៤កន្លែង។

ចំពោះក្រុមហ៊ុន THE INHERITANCE(CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើងមានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ០១៨កន្លែង។ ក្រុមហ៊ុនេះ មានទីតាំងវិនិយោគស្ថិតនៅឃុំមហាឫស្សីស្រុកគងពិសី ខេត្តកំពង់ស្ពឺ ខណៈដែលក្រុមហ៊ុន Cambodian Xihanouke CabinetCo., Ltd. បោះទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជឺ ខេត្តព្រះសីហនុ ដោយគម្រោងបង្កើតរោងចក្រផលិតទូគ្រប់ប្រភេទ ក្នុងទំហំទុនវិនិយោគចំនួន៣លានដុល្លារអាមេរិកនិងបង្កើតការងារបានចំនួនប្រមាណ ២៥០នាក់៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236