អគ្គនាយកដ្ឋានពន្ធដារ ទទួលបានការ«ទទួលស្គាល់កម្រិត ISO លើប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យា»លើកទី៣ ពីអង់គ្លេស
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារទទួលបាននូវការបន្តសុពលភាពវិញ្ញាបនបត្របញ្ជាក់អំពី៖«ការទទួលស្គាល់បន្តកម្រិត ISO លើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន» ពីស្ថាប័នវាយតម្លៃស្តង់ដារសហគ្រាស (BSI) ប្រចាំចក្រភាពអង់គ្លេស។
អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសពីការទទួលបាននូវការបន្តសុពលភាពវិញ្ញាបនបត្រស្តង់ដារ ISO/IEC27001:2013 ស្តីពីប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យាលើកទី៣ ប្រចាំឆ្នាំទី៦ រហូតដល់ឆ្នាំ២០២៥» ពីស្ថាប័នវាយតម្លៃស្តង់ដារសហគ្រាស (BSI) ប្រចាំចក្រភាពអង់គ្លេស។ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ស្ថាប័នអន្តរជាតិមួយនេះបានពិនិត្យនិងវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារជាប់ជាប្រចាំ ដោយមានវិសាលភាពគ្របដណ្តប់ទាំងលើមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ (Data Center) និងហេដ្ឋារចនាសម្ព័ន្ធរួមផ្សំនានា ដែលអគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងអនុវឌ្ឍព្រមទាំងប្រើប្រាស់ក្នុងការបំពេញការងារគ្រប់គ្រង និងប្រមូលចំណូលពន្ធនាពេលបច្ចុប្បន្ន។
បើតាមអគ្គនាយកដ្ឋានពន្ធដារ ការទទួលបានវិញ្ញាបនបត្រជាផ្លូវការលើស្តង់ដារ លើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាននេះជាលើកដំបូងកាលពីឆ្នាំ២០១៦ ដែលមានសុពលភាពរយៈពេល៣ឆ្នាំ ដោយតម្រូវឱ្យមានការធ្វើសវនកម្មតាមដានលើការអនុវត្តការងារស្តង់ដារជាប្រចាំឆ្នាំ ខណៈដែលការទទួលបានជាលើកទី២ នៅក្នុងឆ្នាំ២០២១៩។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ បានសរសេរផងដែរថា ស្របតាមការកែទម្រង់គោលនយោបាយសារពើពន្ធ និងការដឹកនាំរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ មានចក្ខុវិស័យដាក់ឱ្យអនុវត្តស្តង់ដារថ្មីៗបន្ថែមទៀត ដោយមានការទទួលស្គាល់ពីស្ថាប័នវាយតម្លៃស្តង់ដារអន្តរជាតិ ដើម្បីក្លាយជារដ្ឋបាលសារពើពន្ធទំនើបទាន់សម័យដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថលយ៉ាងទូលំទូលាយក្នុងកម្រិតតំបន់និងសកល៕