កម្ពុជាចម្រាញ់មាសបាន ៣,៥៤៣គីឡូ និងចំណូលសួយសារជាង៥លានដុល្លារ គិតត្រឹមដើមខែសីហា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន ២៣២ដុំ ស្មើនឹង ៣,៥៤៣គីឡូក្រាម និងប្រមូលចំណូលសួយសារបានចំនួនជាង ៥លាន ១សែនដុល្លារ ដោយគិតត្រឹមដើមខែសីហា ឆ្នាំ២០២២នេះ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ឺង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពល នៅក្នុងសន្និសីទសារព័ត៌មានស្តីពី៖«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងរ៉ែនិងថាមពល» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។
ការចម្រាញ់រ៉ែមាសនេះ គឺក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលី ទទួលបានសិទ្ធិពីរដ្ឋាភិបាលកម្ពុជាលើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ ទាក់ទងទៅនឹងអាជីវកម្មរ៉ែមាសនេះត្រូវបានឯកឧត្តម អ៊ឺង ឌីប៊ូឡា ឱ្យដឹងដែរថា មានក្រុមហ៊ុនចំនួន៧ហើយដែលទទួលបានអាជ្ញាប័ណ្ណអាជីវកម្មផលិតរ៉ែមាសពីក្រសួងរ៉ែនិងថាមពល។ ប៉ុន្តែ មានតែក្រុមហ៊ុន Renaissance មួយប៉ុណ្ណោះដែលបានផលិតរ៉ែមាសជាផ្លូវការ ខណៈដែលកាលពីថ្ងៃទី៤ ខែសីហាថ្មីៗនេះ មានក្រុមហ៊ុនឌែលខម (Delcom Cambodia) បានចាប់ផ្តើមសាកល្បងផលិតមាសរបស់ខ្លួន ដោយផលិតបាន២០គីឡូក្រាម។
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពល រូបនេះ បានឱ្យដឹងទៀតថា ក្រុមហ៊ុនឌែលខម ជាក្រុមហ៊ុនខ្នាតធម្យមដែលកំពុងធ្វើអាជីវកម្មផលិតរ៉ែមាសនៅក្នុងស្រុករវៀងខេត្តព្រះវិហារ និងមានផែនការផលិតរ៉ែមាសក្នុងឆ្នាំដំបូងរបស់ខ្លួនឱ្យបាន ៣៤០គីឡូក្រាម បើគិតជាសួរសារចូលរដ្ឋបានប្រហែល ៦០ម៉ឺនដុល្លារ។
ទាក់ទងនឹងការធ្វើអាជីវកម្មរុករករ៉ែមាសដដែលនេះ ឯកឧត្តមអ៊ឺង ឌីប៊ូឡា បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមិនទាន់មានអាជីកម្មរ៉ែមាស នៅក្នុងខេត្តរតនគីរីនោះទេ ប៉ុន្តែមានក្រុមហ៊ុនចំនួនពីរមកពីកាណាដា និងក្រុមហ៊ុនមួយទៀតមកពីប្រទេសចិន ដែលទទួលបានអាជ្ញាប័ណ្ណស្វែងរុករករ៉ែមាសនៅទីនោះ៕