២ឆ្នាំទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ កើនដល់ ៧.៣៤ ពាន់លានដុល្លារ
ភ្នំពេញ៖ ក្នុងរយៈពេលពីរឆ្នាំកន្លងមកពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ បានកើនឡើងពី ៣.៤៩ ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៣.៨៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ (កើនឡើង ១០.៤%) ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក្នុងជំនួបពិភាក្សាការងាររវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃនិងគណៈកម្មការធុរកិច្ចថៃ កាលពីថ្ងៃទី០៥ សីហានេះ។
ក្នុងជំនួបពង្រឹងនឹងពង្រីក ទំនាក់ទំនងធុរកិច្ចជំរុញពាណិជ្ជកម្ម និងបង្កើនទំហំវិនិយោគរវាងប្រទេសទាំងពីរនេះ ឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យអ្នកវិនិយោគថៃនៅកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជំរុញពាណិជ្ជកម្មនិងការវិនិយោគ ដើម្បីប្រើប្រាស់សក្តានុពលធុរកិច្ចរបស់កម្ពុជាឲ្យបានពេញលេញ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះ ក៏ស្វាគមន៍អ្នកវិនិយោគថៃដែលមានសក្តានុពល មកកាន់កម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរឆ្ពោះទៅរកផលប្រយោជន៍ទៅវិញទៅមកផងដែរ។
នាជំនួបកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្មនេះ ប្រធានសភាពាណិជ្ជកម្មថៃនិងគណៈកម្មការធុរកិច្ចថៃ លោក Sanan Angubolkul បានដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃនាពេលនេះ ដើម្បីបង្កើនឱកាសពាណិជ្ជកម្មពង្រីកបណ្តាញទីផ្សារតាមរយៈពិព័រណ៍ពាណិជ្ជកម្មមានគុណភាពខ្ពស់ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។
ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើដល់ប្រធានគណៈប្រតិភូសភាពាណិជ្ជកម្មថៃឱ្យជួយជំរុញសកម្មភាពពាណិជ្ជកម្មសំខាន់ៗមួយចំនួន រួមមាន រៀបចំបេសកកម្មពាណិជ្ជកម្មកម្ពុជា-ថៃ។ ចូលរួមក្នុងការតាំងពិពណ៌កម្ពុជាដែលរៀបចំក្រសួងពាណិជ្ជកម្មកម្ពុជា ជារៀងរាល់ឆ្នាំនៅរាជធានីភ្នំពេញ និងចូលរួមវេទិកាធុរកិច្ចដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគនៃប្រទេសកម្ពុជា-ថៃផងដែរ៕