កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងបង់ប្រាក់ពិន័យ នឹងអនុវត្តសាកល្បងចាប់ពីថ្ងៃទី១ ខែកញ្ញា!
ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចាប់ផ្តើមអនុវត្តសាកល្បងកម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ និងដំណើរការអនុវត្តពេញលេញនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ អ្នកបើកបរយានយន្តគ្រប់រូប ត្រូវយកប័ណ្ណបើកបរយានយន្តច្បាប់ដើមតាមខ្លួន ដើម្បីបង្ហាញសមត្ថកិច្ចត្រួតពិនិត្យ និងអនុវត្តការដកពិន្ទុក្នុងករណីមានការប្រព្រឹត្តល្មើស។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដាក់ឱ្យដំណើរការអនុវត្តកម្មវិធីនេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យបានជាអតិបរមា។ កម្មវិធីនេះ ក៏ដូចជាការបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់ប្រាក់ពិន័យអំពើល្មើសល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងធានាតម្លាភាពក្នុងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកផងដែរ។
កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនេះ រៀបចំដោយក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឲ្យដំណើរការអនុវត្តសាកល្បងនៅទូទាំងប្រទេសចាប់ពីថ្ងៃទៅ០១ ខែកញ្ញា ឆ្នាំ២០២២ និងដំណើរការអនុវត្តពេញលេញនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា ការដកពិន្ទុបណ្ណបើកបរ និងការពិន័យអន្តរការណ៍នេះ ធ្វើតាមឧបករណ៍បច្ចេកទេសដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ។ ដូច្នេះ អ្នកបើកបរយានយន្តគ្រប់រូប ត្រូវយកប័ណ្ណបើកបរយានយន្តច្បាប់ដើមតាមខ្លួន ដើម្បីបង្ហាញសមត្ថកិច្ចត្រួតពិនិត្យ និងអនុវត្តការដកពិន្ទុក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។
ជាមួយគ្នានេះដែរការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកអាចបង់ប្រាក់នៅតាមបញ្ជរទ្រូម៉ាន់នី ឬភ្នាក់ងារទ្រូម៉ាន់នី ឬតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រុមហ៊ុនទ្រូម៉ាន់នី (True Money Mobile App) បន្ថែមលើការប្រាក់ដោយផ្ទាល់នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក។
កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោកនេះ គឺដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដោយយោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា៤៣ និងមាត្រា៤៤ អនុលោមតាមប្រកាសអន្តរក្រសួងលេខ ២៣១៣ ប្រក ចុះថ្ងៃទៅ២៧ ខែមេសា ឆ្នាំ២០២០ ស្តីពីការពិន័យជាប្រាក់ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងប្រកាសអន្តរក្រសួងលេខ១៧៦ ប្រក.សក.ដដក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ស្តីពីនីតិវិធី នៃការដកនិងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ៕