កម្ពុជា-សិង្ហបុរី សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ២.១ ប៊ីលានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២២
ភ្នំពេញ៖ រយៈពេល ៦ខែនៃឆ្នាំ២០២២ កម្ពុជានិងសិង្ហបុរី សម្រេចបានទំហំពាណិជ្ជកម្ម កើនឡើងដល់ ២.១ ប៊ីលានដុល្លារ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅឆ្នាំ២០២០ កើនឡើងពី ៣.៥ ប៊ីលានដុល្លារ ដល់ ៥.៣ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ នៅក្នុងពិធីអបអរសាទរខួបលើកទី៥៧នៃទិវាជាតិរបស់សាធារណរដ្ឋសិង្ហបុរី។
ក្នុងពិធីអបអរសាទរខួបលើកទី៥៧ នៃទិវាជាតិរបស់សាធារណរដ្ឋសិង្ហបុរី នៅសណ្ឋាគារ Raffles Hotel Le Royal កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីបរិយាកាសធុរកិច្ចនិងការវិនិយោគរបស់កម្ពុជា ពិសេសការលើកទឹកចិត្តនិងភាពបត់បែន ដែលផ្តល់ដោយក្របខ័ណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារសេដ្ឋកិច្ចក្នុងទម្រង់ធម្មតាថ្មី ២០២១-២០២៣ ក៏ដូចជាច្បាប់ស្តីពីការវិនិយោគដែលទើបប្រកាសដាក់ឲ្យអនុវត្តដែលទាក់ទាញវិនិយោគិនបន្ថែមទៀត រួមទាំងវិនិយោគិនមកពីសិង្ហបុរី។
ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ អរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនសិង្ហបុរីដែលតែងតែគាំទ្រ និងផ្តល់ជំនួយដល់កម្ពុជា ជាពិសេសការអភិវឌ្ឍធនធានមនុស្ស ជាពិសេសសសរស្តម្ភដ៏សំខាន់មួយនៃយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍន៍ជាតិសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការកសាងសហគមន៍អាស៊ាន។
សូមបញ្ជាក់ថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេបំផុតដែលបានទទួលស្គាល់ឯករាជ្យរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ១៩៦៥។ ទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ត្រូវបានបង្កើតដោយសម្តេចព្រះនរោត្តមសីហនុ និងអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លីក្វាន់យូ។ ចាប់តាំងពីពេលនោះមកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងនិងរីកចម្រើនឥតឈប់ឈរ៕