អាមេរិកផ្តល់ថវិកា ២៥លានដុល្លារ អនុវត្តគម្រោង«កម្ពុជាហាវេស III» ក្នុងរយៈពេល៥ឆ្នាំ
ភ្នំពេញ៖ អាមេរិកបានផ្តល់ជំនួយថវិកា ២៥លានដុលារ សម្រាប់អនុវត្តគម្រោង«កម្ពុជាហាវេស III» សម្រាប់រយៈពេល៥ឆ្នាំ។ គម្រោងនេះ នឹងធ្វើការជាមួយដៃគូក្នុងវិស័យកសិកម្មអ្នកផ្គត់ផ្គងបច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ ក្នុងគោលបំណងបង្កើតការងារនិងទីផ្សារក្នុងវិស័យកសិកម្ម។
ក្នុងពិធីបើកកម្មវិធី«TheFeed the Future Cambodia Harvest III» ដែលអាមេរិកផ្តល់ថវិកាចំនួន ២៥លានដុលារសម្រាប់អនុវត្តគម្រោង«កម្ពុជាហាវេស III» សម្រាប់រយៈពេល៥ឆ្នាំ ឯកឧត្តម W.Partrick Murphy ទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា គម្រោង«កម្ពុជាហាវេសIII» នេះ គឺបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិកក្នុងការសម្រេចគោលដៅមួយខណៈពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារ។ ដូច្នេះ កម្ពុជាចាំបាច់ត្រូវតែពង្រឹងសុវត្ថិភាពស្បៀងអាហាររបស់ខ្លួន។
គម្រោង«កម្ពុជាហាវេស III»នេះ នឹងធ្វើការជាមួយដៃគូក្នុងវិស័យកសិកម្ម អ្នកផ្គត់ផ្គង់បច្ចេកវិទ្យាស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញបង្កើតការងារ និងចាប់យកឱកាសទីផ្សារនានានៅក្នុងវិស័យកសិកម្ម តាមរយៈការចាប់ដៃគូជាមួយនឹងវិស័យឯកជន។ គម្រោងមួយនេះ នឹងបន្តធ្វើការអភិវឌ្ឍទៅលើការងារដែល USAID បានធ្វើកន្លងមកដើម្បីលើកស្ទួយឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។
តាមរយៈកិច្ចសហការជាមួយវិស័យឯកជន គម្រោងនឹងជួយលើកកម្ពស់ជីវភាពជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ។ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ USAID រំពឹងថា នឹងជំរុញឲ្យមានការវិនិយោគពីឯកជនក្នុងទឹកប្រាក់ទំហំ ៣៨លានដុល្លារ បង្កើតការងារជាង ៣.០០០កន្លែង ជួយកសិករ និងក្រុមហ៊ុនឯកជនឲ្យទទួលបានហិរញ្ញវត្ថុលើវិស័យកសិកម្មទំហំ ១៥លានដុល្លា និងបង្កើនការលក់កសិផលឲ្យបាន ១០០លានដុល្លារ។
ក្នុងពិធីប្រកាសបើកគម្រោង«TheFeed the Future Cambodia Harvest III» កាលពីថ្ងៃទីថ្ងៃទី០៩ ខែសីហាឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គម្រោង«The Feed the Future Cambodia Harvest III» ដែលកំពុងដំណើរការនាពេលនេះ នឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនប្រកបដោយចីរភាពតាមរយ:ការបង្កើនពិពិធកម្ម និងការប្រកួតប្រជែងទីផ្សារកសិផលដែលកំពុងមាននិន្នាការកើនឡើងជាលំដាប់។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានបង្ហាញនូវសុទុដ្ឋិនិយមថា គម្រោងខាងលើពិតជានឹងចូលរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជានិងជួយជំរុញវិស័យកសិកម្មឲ្យកាន់តែទំនើប មានភាពប្រកួតប្រជែងជួយបង្កើនសមត្ថភាពវិស័យឯកជនក្នុងការផលិត ធានាគុណភាព សុវត្ថិភាព និងជំរុញការនាំចេញ។
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បន្តថាគម្រោងខាងលើមានសារៈសំខាន់ក្នុងការគាំទ្រធនធានថវិកាសម្រាប់ពង្រីកការវិនិយោគ និងផ្តល់បច្ចេកទេសផលិតដល់វិស័យឯកជន និងសហគមន៍កសិកម្មតាមរយៈការបង្កើនទុនវិនិយោគដើម្បីពង្រឹងផលិតភាពកែច្នៃ និងពង្រីកប្រព័ន្ធទីផ្សារលក់និងការពង្រឹងសមត្ថភាពកែច្នៃ និងសមត្ថភាពគ្រប់គ្រងកសិដ្ឋាន។ ព្រមទាំងបង្កើនបរិមាណកសិផលចូលទីផ្សារ ជាពិសេសការកែលម្អគុណភាព ពង្រឹងប្រព័ន្ធត្រួតពិនិត្យអនាម័យតាមរយៈការជំរុញឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាសមស្របនិងនវានុវត្តន៍។
ក្នុងពិធីប្រកាសបើកគម្រោងលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជានេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណជិត ១០០លានដុល្លារក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ ក្នុងគោលបំណងលើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារតាមរយៈការពង្រឹងវិស័យកសិកម្មកម្ពុជា៕