CDC អនុម័តឲ្យក្រុមហ៊ុនចំនួន៧ បោះទុន ៣២,៧លានដុល្លារ ដែលអាចបង្កើតការងារជាង ៣៥០០កន្លែង
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន ៧បោះទុនប្រមាណ ៣២.៧លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅរាជធានី-ខេត្ត និងអាចបង្កើតការងារបានចំនួនជាង៣៥០០កន្លែង។
បើតាម CDC នៅថ្ងៃទី១៩ សីហា ឆ្នាំ២០២២ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុន R.G. FOOTWEAR (CAMBODIA) CO., LTD បោះទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ បង្កើតរោងចក្រផលិតស្បែកជើងនៅស្រុកអង្គស្នួល ខេត្តកណ្តាល ដែលអាចបង្កើតការងារបានចំនួន ១ ៣២៨កន្លែង។
ចំពោះ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន ៣ បង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុផងដែរ។ ក្នុងនោះមានក្រុមហ៊ុន FF.LL (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ក្នុងទំហំទុនវិនិយោគចំនួន ៦,៥លានដុល្លារ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ និងអាចបង្កើតការងារបានចំនួន ៨៣០នាក់។
ចំណែង ក្រុមហ៊ុន Xing Gang Wood Industry (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមបង្គុំ និងសម្ភារៈតុបតែងលំអធ្វើពីឈើ ក្នុងទុនវិនិហយោគចំនួន ៣,៩លានដុល្លារ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ និងអាចបង្កើតការងារបានចំនួនប្រមាណ ២៥០នាក់។ រីឯ ក្រុមហ៊ុន Zhejiang Jeni Furniture Co., Ltd. គម្រោងបង្កើតរោងចក្រផលិតសាឡុង និងស្រោមសាឡុង ក្នុងទំហំដើមទុនវិនិយោគចំនួន ១លានដុល្លារ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ និងអាចបង្កើតការងារបានចំនួន ៤០០នាក់។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក៏បានចុះផ្សាយពីការអនុម័ត សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៣ ដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ ក្នុងនោះមានក្រុមហ៊ុន JADE FASHION (CAMBODIA) GARMENTS COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដោយបោះទុនវិនិយោគប្រមាណ ៥,៣លានដុល្លា ដែលមានទីតាំងក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងអាចបង្កើតការងារបានចំនួនជាង ១ពាន់នាក់។
ចំណែកក្រុមហ៊ុន HONG YU FANG GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនជាង ១ពាន់នាក់។ រីឯ SHUN WEI FANG ZHI KE JI CO., LTD គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទ ក្នុងទំហំដើមទុនវិនិយោគប្រមាណ៥,២លានដុល្លារ ដែលមានទីតាំងស្ថិតនៅក្នុងឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានចំនួន ២២៦នាក់ផងដែរ៕