សូមប្រយ័ត្ន! កម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី Tik Tok មានបង្កប់កូដដែលអាចទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (ACCD) ឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់កម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី Tik Tok ។ ACCD បានឱ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី Tik Tok (in-app browser) មានបង្កប់ជាមួយកូដ JavaScript ដែលអាចទាញយកទិន្នន័យដែលអ្នកប្រើប្រាស់បានវាយបញ្ចូលតាមរយៈក្ដារចុច។
«អ្នកស្រាវជ្រាវបានចាត់ទុកកូដដែលមាននៅក្នុងកម្មវិធី Tik Tok គឺវាស្មើនឹងការលួចដំឡើងកម្មវិធី keylogger ទៅក្នុងកម្មវិធីគេហទំព័រមួយចំនួនដែលជនខិលខូចតែងតែប្រើដើម្បីលួចទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់។ ពួកគេក៏បានបញ្ជាក់ដែរថា កូដនេះអាចលួចយកទិន្នន័យសំខាន់ៗមានដូចជា លេខសម្ងាត់និងលេខប័ណ្ណឥណទានជាដើម»។ នេះខ្លឹមសារដែលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសរសេរបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានគូសបញ្ជាក់ដូច្នេះថា ដើម្បីជៀសវាងពីការលួចទាញយកទិន្នន័យ អ្នកស្រាវជ្រាវបានណែនាំឱ្យអ្នកប្រើប្រាស់បើកតំណភ្ជាប់ទាំងឡាយណាដែលមាននៅក្នុងកម្មវិធីជាមួយនឹងកម្មវិធីគេហទំព័ររបស់កុំព្យូទ័រ ឬទូរស័ព្ទមានដូចជា Safari វិញ ព្រោះសូម្បីតែកម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី Facebook និង Instagram ក៏មានបង្កប់មកជាមួយនូវកូដដែលអាចឱ្យពួកគេតាមដានការប្រើប្រាស់របស់លោកអ្នកបានផងដែរ៕