អូស្ត្រាលី វិនិយោគ១០៧លានដុល្លារអូស្ត្រាលី លើគម្រោង«ភាពជាដៃគូរកម្ពុជា-អូស្ត្រាលី ដើម្បីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច»
ភ្នំពេញ៖ អូស្ត្រាលីបានវិនិយោគប្រាក់ចំនួន ១០៧លានដុល្លារអូស្ត្រាលី សម្រាប់អនុវត្តគម្រោងថ្មីស្តីពី៖«ភាពជាដៃគូរកម្ពុជា-អូស្ត្រាលី ដើម្បីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (CAP-RED)» ដែលនឹងចាប់ផ្តើមអនុវត្តន៍នៅចុងឆ្នាំ២០២២ខាងមុខ។ នេះបើយោងលើរបាយការណ៍របស់ស្ថានទូតអូស្រ្តាលី ដែលក្រសួងកសិកម្ម បានលើកឡើងក្នុងជំនួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ។
គម្រោង«ភាពជាដៃគូរកម្ពុជា-អូស្ត្រាលី ដើម្បីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (CAP-RED)»នេះ នឹងបន្តគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើនភាពធន់របស់កម្ពុជាទាក់ទងនឹងវិស័យកសិកម្ម/ការកែច្នៃផលិតផល ពាណិជ្ជកម្ម និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងយេនឌ័រ និងសង្គមប្រកបដោយបរិយាបន្ន។ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមថា គម្រោងថ្មីនេះ នឹងជួយជំរុញវិស័យកសិកម្មកម្ពុជាអោយរីកចម្រើនកាន់ខ្លាំងថែមទៀត។
នាជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន ស្នើសុំឲ្យភាគីអូស្ត្រាលីជួយពិនិត្យនិងជំរុញកិច្ចសហការជាមួយក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅប្រទេស ដើម្បីបង្កើតជាក្រុមហ៊ុនផលិតពូជស្រូវចែកចាយជូនកសិករទូទាំងប្រទេស បន្ទាប់ពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានផលិតពូជគ្រឹះរួចហើយនោះ។ រដ្ឋមន្ត្រីក្រសួងកសិក្ម រូបនេះ ក៏ស្នើបង្កើតកម្មវិធីកម្មសិក្សាសម្រាប់និស្សិតកសិកម្មនិងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសផ្សេងទៀត រួមទាំងការកែច្នៃផលិតផលកសិកម្ម សម្រាប់គម្រោងថ្មីខាងលើ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម អរគុណដល់រដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលី ដែលជួយលើកស្ទួយវិស័យកសិកម្មកម្ពុជានិងប្រែក្លាយកម្ពុជាពីប្រទេស ដែលខ្វះអង្ករហូបទៅជាប្រទេស ដែលមានអតិរេកអង្ករនិងនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ដែលមានគុណភាពខ្ពស់និងជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក៣ឆ្នាំជាប់គ្នា។
យោងលើរបាយការណ៍របស់ស្ថានទូតអូស្រ្តាលី បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១០មក អូស្ត្រាលីបានវិនិយោគទឹកប្រាក់ចំនួន១៣០លានដុល្លារអូស្រ្តាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី(CAVAC) ដើម្បីបង្កើនការផលិតស្រូវប្រព័ន្ធធារាសាស្រ្តសម្រាប់កសិករខ្នាតតូច និងការធ្វើពិពិធកម្មកសិកម្មនៅកម្ពុជា ក្នុងគោលបំណងចូលរួមកាត់បន្ថយភាពក្រីក្រនៅតាមជនបទ បង្កើនប្រាក់ចំណូលសម្រាប់កសិករនិងបានជួយដល់វិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែមានសក្តានុពលខាងផ្នែកពាណិជ្ជ កម្មនិងការប្រកួតប្រជែង៕