(ន.ម.ក) (ផមក) និង UNCDF ចុះអនុស្សរណៈ ផ្តល់ជំនួយបច្ចេកទេសលើកកម្ពស់វិស័យមូលបត្រកម្ពុជា
ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ព្រមទាំងមូលនិធិអភិវឌ្ឍន៍មូលធននៃអង្គការសហប្រជាជាតិ (UN Capital Development Fund-UNCDF) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី៖«ការផ្តល់ជំនួយបច្ចេកទេសក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា»។
ការចុះអនុស្សរណៈយោគយល់ទាំង៣ស្ថាប័កាលពីថ្ងៃទី១៨ សីហានេះ ក្នុងគោលបំណងអភិវឌ្ឍន៍វិស័យមូលបត្រកម្ពុជា ដែល UNCDF នឹងផ្តល់ការគាំទ្រដល់និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្សនិងគាំទ្រដល់ការរៀបចំនូវបទប្បញ្ញត្តិថ្មីពាក់ព័ន្ធនឹងផលិតផលមូលបត្រឆ្លងដែន។
MOUនេះ ក៏ដើម្បីសម្រួលដល់ការផ្លាស់ប្តូរធនធានបច្ចេកវិទ្យា និងចំណេះដឹងរវាងប្រទេសកំពុងអភិវឌ្ឍន៍ និងការរៀនសូត្រពីដៃគូរវាងនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ជាមួយនឹងស្ថាប័ននិយ័តកររបស់ប្រទេសសមាជិកអាស៊ានបូក៣។ រួមទាំងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍផ្សព្វផ្សាយនិងអនុវត្តច្បាប់ ព្រមទាំងក្របខណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងមូលបត្ររដ្ឋ និងមូលបត្រមហាជនផងដែរ។
ពិធីចុះអនុស្សរណៈយោគយល់ដែលធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ នេះ មានការចូលរួមពីឯកអគ្គរដ្ឋទូត និងតំណាងឯកអគ្គរដ្ឋទូតនៃប្រទេសអាស៊ានបូក៣ ថ្នាក់ដឹកនាំនៃភាគីដែលបានចុះ MOU ទាំង៣ ស្ថាប័ននេះ រួមទាំងមានថ្នាក់ដឹកនាំក្រុមហ៊ុនក្នុងវិស័យមូលបត្រនិងហិរញ្ញវត្ថុជាច្រើនរូបផងដែរ៕