ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបាន៦.២ប៊ីលានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២២
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិក សម្រេចបានចំនួន ៦.២ប៊ីលានដុល្លារអាមេរិក កើនឡើងក្នុងអត្រាកំណើន ៦១.៥៤% បើធៀបនឹង ៦ខែដើមឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដែលដឹកនាំដោយស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម បួន សារៈមុនី បញ្ជាក់ថា កម្ពុជាកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីធ្វើយ៉ាងណាឲ្យបរិយាកាសពាណិជ្ជកម្ម វិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងអំណោយផលដល់វិនិយោគិនអន្តរជាតិមកពីបណ្តាប្រទេសនានាលើពិភពលោក។ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានលើកឡើងពីវឌ្ឍនៈភាពជាវិជ្ជមានក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ដែលកំពុងមានសន្ទុះខ្លាំងក្លា រួមមានបច្ចេកវិទ្យា (Fintech) និងបច្ចេកវិទ្យាទូទាត់ឆ្លងប្រទេសដោយប្រើ QRCode ជាដើមដែលរួមចំណែកបង្កបរិយាកាសវិនិយោគនៅកម្ពុជាឲ្យកាន់តែប្រសើរផងដែរ។
ក្នុងកិច្ចពិភាក្សានេះដែរ លោកស្រី Wallis Yu ស្នើសុំក្រសួងពាណិជ្ជកម្មបន្តសហការផ្តល់បច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ ដល់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់សហរដ្ឋអាមេរិកឲ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Meta (Facebook)។
លោកស្រីបន្តថា ថ្មីៗនេះរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងដំណើរការនីតិវិធីវាយតម្លៃលក្ខខណ្ឌនានាលើប្រទេស ដែលទទួលបានអត្ថប្រយោជន៍មួយចំនួន ដើម្បីសម្រេចថានឹងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់ប្រទេសទាំងនោះដែលកម្ពុជាក៏មានក្នុងនោះដែរ៕