ក្រសួងការងារ ផ្សព្វផ្សាយអត្ថប្រយោជន៍ប្រាក់សោធនដល់រោងចក្រ-សហគ្រាស ជិត១៥០០លើក និងមានអ្នកចូលរួមជិត៧០ម៉ឺននាក់
ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលិកដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារបេឡាជាតិសន្តិសុខសង្គមនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន បានចំនួន ១ ៤៣៥លើក ដោយមានកម្មករនិយោជិតចូលរួមចំនួន៦៩០ ៩៥៥នាក់ ក្នុងនោះមានស្រី្ត ៤៩៣ ១៧៥នាក់ គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។
យុទ្ធនាការផ្សព្វផ្សាយរបបសនិ្តសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលិកដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារសម្រាប់វិស័យឯកជននេះ ក្រសួងការងារ សហការជាមួយនឹងភាគីនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ដើម្បីចំរៀបចំយុទ្ធនាការផ្សព្វផ្សាយនេះឱ្យបានទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាព។ គោលបំណងនៃយុទ្ធនាការនេះ ដើម្បីស្វែងយល់ពីកាតព្វកិច្ចនិងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដែលមានរយៈពេលយ៉ាងតិច២ម៉ោងក្នុងមួយពេល។
សូមបញ្ជាក់ថា គម្រោងរៀបចំយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គល ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនេះមានរយរយៈពេល៩០ថ្ងៃ ដោយចាប់ពីខែកក្កដា រហូតដល់បំណាច់ខែកញ្ញា ឆ្នាំ២០២២នេះ។
ការផ្សព្វផ្សាយនេះ យោងតាមប្រកាសអន្តរក្រសួងដែលចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ស្តីពី «ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ» និងប្រកាសដែលចុះនៅថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២២ ស្តីពី«កាលបរិច្ឆេទនៃការចាប់ផ្តើមបង់ភាគទាននៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ចនិងរបបភាគទានដោយស្ម័គ្រចិត្ត»៕