រយៈពេល៧ខែ ភ្ញៀវទេសចរអន្តរជាតិជាង៧៤ម៉ឺននាក់ មកលេងនៅកម្ពុជា កើន ៥៦០% ធៀបនឹងឆ្នាំ២០២១
ភ្នំពេញ៖ ក្រោយបើកដំណើរការសេដ្ឋកិច្ចសង្គមច្រកព្រំដែន និងជើងហោះហើរ ក្រោយពីជួបវិបត្តនៃការរីករាលដាល់ជំងឺកូវីដ-១៩ ជាសកលមក មានភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើនឡើងគួរឱ្យកត់ស្គាល់។ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិរហូតេដល់តៅប្រមាណ៧៤ម៉ឺននាក់ កើនជាង៥០០% ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដល់អ្នកជំនាញទេសចរណ៍នៅខេត្តសៀមរាប កាលពីថ្ងៃទី១៩ សីហាកន្លងទៅ ថា ការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញនេះ បានជំរុញឲ្យមានការកម្សាន្តទេសចរណ៍នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងតំបន់គោលដៅទេសចរណ៍មួយចំនួនទៀត ចាប់ផ្តើមមានសកម្មភាពទេសចរណ៍ាជាច្រើនឡើងវិញ។
រដ្ឋមន្ត្រីទេសចរណ៍បានដឹងពីទិន្នន័យភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅកម្ពុជា ដូច្នេះថា៖«ក្នុងរយៈពេល៧ខែដើម ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ៧៤ម៉ឺននាក់ កើនឡើង៥៦០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកន្លងទៅ»។
ក្នុងរយៈពេល៧ខែនៃដើមឆ្នាំនេះ សម្រាប់តែនៅខេត្តសៀមរាបមួយ មានភ្ញៀវទេសចរផ្ទៃក្នុងជាង ១លាន ២សែននាក់ កើនឡើង ៨៩០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងនោះភ្ញៀវទេសចរជាតិមានជាង១លាន ១៥ម៉ឺននាក់ កើតឡើង៧៩៩% និងមានភ្ញៀវទេសចរផ្ទៃក្នុងជាង៨ម៉ឺននាក់ ដែលកើនឡើង១៣៥២%។
ក្នុងបរិការណ៍នៃការងើបឡើងវិញ នៃវិស័យទេសចរណ៍នេះ ឯកឧត្ដម ថោង ខុន បានបញ្ជាក់នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកជំនាញទេសចរណ៍នៅក្នុងខេត្តសៀមរាបថា ក្រសួងទេសចរណ៍បានគិតគូ និងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាព សេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ បានឱ្យដឹងទៀតថា នឹងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍ជាតិនិងអន្តរជាតិ ដែលជាទិសដៅយុទ្ធសាស្ត្រក្នុងដំណាក់កាលទី២ នៃផែនការស្តារនិងអភិវឌ្ឍវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលកូវីដ-១៩ឆ្នាំ២០២០-២០២៥៕