បច្ចេកវិទ្យានិងអ៊ីនធឺណិត បានជ្រៀតចូលយ៉ាងជ្រៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម និងគ្រប់វិស័យនៃជីវភាពប្រចាំថ្ងៃ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា «បរិវត្តកម្មឌីជីថល»បានក្លាយជាដំណើរអភិវឌ្ឍន៍រួមមួយ ទាំងផ្នែកឯកជន ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍ ដែលត្រូវរួមគ្នាធ្វើប្រកបដោយភាពម្ចាស់ការនិងបន្តស្វែងយល់, សម្របខ្លួននិងក្តាប់យកកាលានុវត្តភាព ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាជាប្រចាំ។
នៅក្នុងពិធីពិធីបើកវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលរៀបចំដោយក្រសួងទេចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឍមណ្ឌលកម្ពុជា ៤.០ កាលពីថ្ងៃទី២២ សីហាកន្លងទៅ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា បច្ចេកវិទ្យានិងអ៊ីនធឺណិតបានជ្រៀតចូលយ៉ាងជ្រៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម និងគ្រប់វិស័យនៃជីវភាពប្រចាំថ្ងៃ ដែលធ្វើឱ្យមានការប្រែប្រួលលើកត្តាផលិតកម្ម, កម្លាំងពលកម្ម, ឥតិយាបថនៃការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិផងដែរ។ ជាពិសេស គឺបានជំរុញការផ្លាស់ប្តូររបៀបរស់នៅ ទំនាក់ទំនង ការបំពេញការងារ ការសិក្សា និងអាជីវកម្មជាដើម ដែលសុទ្ធតែត្រូវការបច្ចេកវិទ្យាដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធភាព។
ឯកឧត្តម ហ៊ុន ម៉ានី ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ ផងនោះ បានវាយតម្លៃអំពី«អក្ខរកម្មឌីជីថល»ថា បានក្លាយជាតម្រូវការមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋទូទៅនៅគ្រប់វិស័យ ទាំងវ័យចំណាស់ វ័យកណ្តាល និងយុវវ័យ ដើម្បីមានលទ្ធភាពនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឆ្លើយតបនឹងតម្រូវការរៀងៗខ្លួន។
«សិក្ខាកាមដែលត្រូវចូលរួមវគ្គបណ្តុះបណ្តាលនេះឲ្យយកចិត្តទុកដាក់ ខិតខំស្វែងយល់គ្រប់មុខវិជ្ជា ដើម្បីមានសមត្ថភាពទាញយកសក្តានុពលពីបច្ចេកវិទ្យាជាប្រយោជន៍សម្រាប់ខ្លួនឯងផ្ទាល់ និងស្ថាប័ន»។ នេះជាសារលើកទឹកចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា មុននឹងបញ្ចប់សន្ទរកថាក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងបរិបទបច្ចុប្បន្ន និងស្តារកំណើនទេសចរណ៍ ក្នុងនឹងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលមានអ្នកចូលរួមដោយផ្ទាល់និងតាមប្រព័ន្ធវីដេអូសរុបប្រមាណ ៣០០នាក់៕