រដ្ឋាភិបាល ប្រកាសបោះផ្សាយលក់មូលបត្រលើកដំបូងក្នុងទំហំទឹកប្រាក់ ៣០០លានដុល្លារ
ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសពីផែនការបោះផ្សាយលក់មូលបត្ររបស់រដ្ឋក្នុងឆ្នាំ២០២២នេះ ជាលើកដំបូង។ ការទិញមូលបត្ររដ្ឋនេះ ត្រូវបានលើកទឹកចិត្តក្នុងការកាត់បន្ថយពន្ធកាត់ទុកចំនួន៥០ភាគរយ និងលើកលែងពន្ធចំណេញមូលធនក្នុងរយៈពេល៣ឆ្នាំ និងមានការលើកទឹកចិត្តនៅក្នុងវិស័យធនាគារផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៦ សីហា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជូនដំណឹងដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ, បេឡាជាតិរបបសន្តិសុខសង្គម និងក្រុមហ៊ុនធានារ៉ាប់រង ដោយអនុលោមតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ និងក្រមខណ្ឌគោលនយោបាយបឋមស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋរបស់រាជរដ្ឋាភិបាល។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយៈធនាគារជាតិនៃកម្ពុជា ជាអាណត្តិគាហក នឹងត្រូវធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងរបស់ខ្លួន ចាប់ពីខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងទំហំព្រឹកប្រាក់ជាមួយទីលានរៀល (១ ២១៩ ៥០០ ០០០ ០០០រៀល) ដែលសមមូលនឹងប្រមាណ៣០០លានដុល្លារអាមេរិក។
ព័ត៌មានលម្អិតអំពីមូលបត្រនេះគឺ តម្លៃចារឹកក្នុងមួយប័ណ្ណស្មើនឹង ១លានរៀល ជាប្រភេទមូលត្រឥណប្រតិទាន ១ឆ្នាំ, ៣ឆ្នាំ និង ៥ឆ្នាំ និងជាប្រភេទអត្រាគូប៉ូងថេរ។ ចំពោះការទូទាត់គូប៉ូងនេះ គឺធ្វើឡើងរៀងរាល់ ៦ខែម្តង ដោយគិតចាប់ពីថ្ងៃបោះផ្សាយទៅ, មូលដ្ឋានរាបថ្ងៃ៖ Actual/Actual ហើយការសងប្រាក់ដើមគឺទូទាត់សងនៅចុងឥណប្រតិទាន និងប្រើប្រាស់វិធីសាស្ត្រដើម្បីដេញថ្លៃ។
ដោយឡែងកាលវិភាគនៃការបោះផ្សាយសម្រាប់ ប្រភេទមូលបត្រឥណប្រតិទាន ១ឆ្នាំក្នុងទំហំបោះផ្សាយមួយលើកៗចំនួន ១០០ប៊ីលានរៀល ដែលត្រូវបោះផ្សាយចំនួន ២ដង ហើយគម្លាតនៃការបោះផ្សាយមានរយៈពេល ៤សប្តាហ៍និងទំហំបោះផ្សាយសរុបមានចំនួន ២០០ប៊ីលានរៀល។ ចំពោះ ប្រភេទមូលបត្រឥណប្រតិទាន ៣ឆ្នាំក្នុងទំហំបោះផ្សាយមួយលើកៗចំនួន ២០០ប៊ីលានរៀល ដែលត្រូវបោះផ្សាយចំនួន ៤ដង ហើយគម្លាតនៃការបោះផ្សាយមានរយៈពេល ៤សប្តាហ៍និងទំហំបោះផ្សាយសរុបមានចំនួន ៨០០ប៊ីលានរៀល។ ចំណែក ប្រភេទមូលបត្រឥណប្រតិទាន ៥ឆ្នាំ ក្នុងទំហំបោះផ្សាយមួយលើកៗចំនួន ១០០ប៊ីលានរៀល ដែលត្រូវបោះផ្សាយចំនួន២ដង ហើយគម្លាតនៃការបោះផ្សាយមានរយៈពេល ៤សប្តាហ៍ និងទំហំបោះផ្សាយសរុបមានចំនួន ២០០ប៊ីលានរៀល។
ការទិញមូលបត្រនេះ រដ្ឋាភិបាលបានលើកទឹកចិត្តចំពោះវិនិយោគិនមូលបត្ររដ្ឋនឹងទទួលបានការលើកទឹកចិត្តពន្ធដារដោយកាត់បន្ថយពន្ធកាត់ទុក ៥០ភាគរយលើការប្រាក់បានពីការកាន់កាប់ និង/ឬ ការទិញ-លក់មូលបត្ររដ្ឋ និងលើកលែងពន្ធលើចំណេញមូលធន ចំពោះការទិញនិងជួញដូរមូលបត្ររដ្ឋសម្រាប់រយៈពេល ៣ឆ្នាំ។ ជាមួយគ្នាការលើកទឹកចិត្តក្នុងវិស័យធនាគារ គឺទទួលបានការថ្លឹងហានិភ័យ ០ ភាគរយចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយប័ណ្ណក្នុងការគណនាអនុបាតសោធនភាពនិងទទួលស្គាល់ជាទ្រព្យសកម្មសន្ទនីយដែលមានគុណភាពខ្ពស់ ចំពោះមូលបត្រដែលចារឹកជារូបិយវត្ថុជាតិឬជារូបិយប័ណ្ណក្នុងការគណនាអនុបាតក្របខ័ណ្ឌសន្ទនីយភាព។
តាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៦ សីហាឆ្នាំ២០២២នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រក្សាសិទ្ធិក្នុងការកែសម្រួលផែនការបោះផ្សាយនេះតាមការចាំបាច់៕