ធនាគារជាតិ ចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុនឬបុគ្គល ផ្សព្វផ្សាយនិងផ្តល់កម្ចីក្រៅផ្លូវការ
Posted by -
Phoung Somphors
Published on -
26/8/2022 3:27 PM

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា សង្កេតឃើញមានជនខិលខូចមួយចំនួនបានផ្សព្វផ្សាយយ៉ាងបើកចំហ និងផ្តល់ឥណទានក្រៅផ្លូវការដល់ពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើនដូចជា ប្រព័ន្ធអនឡាញ បណ្តាញសង្គម ការផ្សព្វផ្សាយតាមខិត្តប័ណ្ណ និងការបិតផ្សាយតាមទីសាធារណៈនានា។ ការផ្តល់ឥណទានទាំងនេះជាសកម្មភាពល្មើសច្បាប់ជាធរមាន ជាពិសេសច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

បើតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីចៀសវាងពីការបោកប្រាស់តាមរូបភាពណាមួយ និងដើម្បីទទួលបានឥណទានក្រៅផ្លូវការ ធនាគារជាតិនៃកម្ពុជា ស្នើដល់សាធារណជនទាំងអស់ឲ្យប្រុងប្រយ័ត្នខ្ពស់បំផុត និងលើកទឹកចិត្តឲ្យប្រើប្រាស់តែសេវាកម្មរបស់គ្រឹះស្ថានផ្លូវការតែប៉ុណ្ណោះ។

ចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញ ដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជារួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទ សុទ្ធតែជាគ្រឹះស្ថានស្របច្បាប់និងផ្លូវការ ដែលអាចផ្តល់ឥណទាននិងសេវាពាក់ព័ន្ធផ្សេងទៀតដល់ក្រុមហ៊ុន សហគ្រាស និងឯកត្តជន។ គ្រឹះស្ថានទាំងនេះស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនរបស់គ្រឹះស្ថានទាំងនេះត្រូវបានការពារដោយច្បាប់ផងដែរ។

ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជា នឹងថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មាននិងការផ្តល់ឥណទានក្រៅផ្លូវការខុសច្បាប់គ្រប់រូបភាព ខណៈពេលដែលកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនឬបុគ្គល ដែលធ្វើសកម្មភាពល្មើសតាមនីតិវិធីច្បាប់ជាធរមាន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236