កម្ពុជា-តួកគីសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង៤៦២លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ
Posted by -
Phoung Somphors
Published on -
26/8/2022 3:44 PM

ភ្នំពេញ៖ រយៈពេល៥ឆ្នាំ កម្ពុជានិងតួកគីសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ៤៦២,៦៣លានដុល្លារ ចាប់តាំងពីឆ្នាំ២០១៧-២០២១ ខណៈដែលឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានចំនួន ៩០,៦៣លានដុល្លារកើនឡើង ២,០៦% បើធៀបនឹងឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

នៅក្នុងកិច្ចប្រជុំអន្តរក្រសួងដែលពិភាក្សាលើសេចក្តីព្រាងរបៀបវារៈ និងកំណត់ហេតុរួមនៃកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៣គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី កាលពីថ្ងៃទី២៤ សីហានេះ លោកជំទាវ តឹករ៉េត កំរង បានឱ្យដឹងថា ទំនិញដែលកម្ពុជានាំចេញទៅតួកគីរួមមាន៖ សម្លៀកបំពាក់ វាយនភ័ណ្ឌស្បែកជើង សម្ភារៈធ្វើដំណើរ អង្ករ និងឆ័ត្រ។ ដោយឡែក ទំនិញដែលនាំចូលពីតួកគីមានដូចជា៖ម៉ាស៊ីន ផលិតផលឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិក និងទំនិញដទៃទៀត។

ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការ បានស្នើដល់តំណាងអន្តរក្រសួងទាំង១៣ស្ថាប័ន​​ ដែលចូលរួមក្នុងកិច្ចប្រជុំនេះ ពិភាក្សានិងផ្តល់ធាតុចូលឲ្យបានផុសផុលលើសេចក្តីព្រាងកំណត់ហេតុរួម ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគីដែលគ្រោងនឹងធ្វើឡើងក្នុងខែតុលា ខាងមុខនេះ នៅកម្ពុជាឲ្យទទួលបានជោគជ័យ។

ចំពោះលទ្ធិផលទទួលបានក្នុងកិច្ចប្រជុំនេះ បានផ្លាស់ប្តូរសេចក្តីព្រាងកំណត់ហេតុរួម ដែលបង្ហាញពីវិស័យអាទិភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរក្នុងការទាញប្រយោជន៍ឲ្យបានជាអតិបរមា រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ចឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហាឡាលសហគ្រាសធុនតូចនិងមធ្យម កសិកម្មដឹកជញ្ជូន អាការចរស៊ីវិល សុខាភិបាល អប់រំ ទេសចរណ៍និងវិស័យពាក់ព័ន្ធដទៃទៀត៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236