នៅពេលដែលស្ត្រីទទួលបានឱកាសពង្រឹងសមត្ថភាពនិងបរិយាបន្នហិរញ្ញវត្ថុ ក្នុងយុគសម័យឌីជីថលនិងបដិវត្តន៍ឧស្សាហកម្មទី៤
Posted by -
Phoung Somphors
Published on -
27/8/2022 3:05 PM

ភ្នំពេញ៖ លោកជំទាវ គង់សូរីតា បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់អំពីការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងស្ត្រីក្នុងសហគ្រិនភាព ថា ស្រ្តីគួរតែបានផ្តល់ឱកាសឱ្យចូលរួមពង្រឹងសមត្ថភាពនិងបរិយាបន្នហិរញ្ញវត្ថុ ដើម្បីវិវត្តខ្លួនឲ្យទាន់យុគសម័យសេដ្ឋកិច្ចឌីជីថលនិងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។ ការផ្តល់ឱកាសនាពេលនេះ ត្រូវបានអនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារីគង់ សូរីតា ថា ទាន់ពេលវេលាក្នុងស្ថានភាពផ្លាស់ប្តូរ និងជាពេលវេលាមួយដែលត្រូវពន្លឿននិងកែលម្អនូវរបៀបវារៈឌីជីថល។

អាទិភាពដែលត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍរបស់ស្ត្រីក្មេងស្រី និងសហគ្រិនស្ត្រី នៅក្នុងយុកសម័យឌីជីថលឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ត្រូវបានលោកជំទាវ គង់ សូរី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ថាតម្រូវឱ្យស្រី្តម្នាក់ និងដៃគូពាក់ព័ន្ធទាំងស្ថាប័នរដ្ឋនិងឯកជនចាប់ផ្តើមបណ្តុះនិងពង្រឹងមូលដ្ឋានចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថល រួមទាំងផ្តល់នូវមធ្យោបាយ និងបរិយាកាសអេកូឡូស៊ីផងដែរ។

លោកជំទាវ គង់ សូរីតា កាលពីថ្ងៃទី២៣ សីហាកន្លងទៅ ក្នុងសិក្ខាសាលាស្តីពីការចាប់ផ្តើមគម្រោង៖«ការបង្កើនភាពអង់អាចសេដ្ឋកិច្ចដល់ស្ត្រីនៅជនបទ តាមរយៈការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល» ដែលរៀបចំដោយក្រសួងកិច្ចការនារី សហការជាមួយនឹងធនាគារជាតិនៅកម្ពុជា បញ្ជាក់ថា​ ទាំងរដ្ឋាភិបាលនិងយើងទាំងអស់គ្នាមិនអាចមើលរំលងនិងធានាថា ការគិតគូរអំពីវិស័យថ្មី សម្រាប់ការអភិវឌ្ឍន៍រវាងស្ត្រីនិងបុរស នៅបន្តកើតមានវិសមភាពសារជាថ្មីនោះទេ។ ដូច្នេះ ទើបរដ្ឋាភិបាលផ្តោតលើការយកចិត្តទុកដាក់ពង្រឹងលទ្ធិភាពទទួលបានការអប់រំនិងការអភិវឌ្ឍន៍សមត្ថភាពសម្រាប់ស្ត្រី និងក្មេងស្រី ជាពិសេសលើការអប់រំជំនាញឌីជីថល។

អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារីរូបនេះ បានឱ្យដឹងផងដែរថា ការផ្តល់ចំណេះដឹងដល់ស្ត្រី ក្មេងស្រី និងសហគ្រិនស្ត្រី គឺជាការងារដ៏សំខាន់នៃផែនការសកម្មភាពរបស់ក្រសួងកិច្ចការនារី ដើម្បីឲ្យការអនុវត្តចំណេះដឹងហិរញ្ញវត្ថុ របស់ពួកគាត់ក្នុងជីវិតរស់នៅក្លាយជាផ្នែកមួយនៃជីវិតនិងជាទម្លាប់។ «ប្រសិនបើស្ត្រី ចូលរួមប្រើប្រាស់កាន់តែច្រើន និងទទួលបានផលប្រយោជន៍ពីប្រព័ន្ធនិងបរិយាកាសឌីជីថលកាន់តែច្រើន ធ្វើឲ្យអាជីវកម្មដំណើរការប្រសើរជាងមុននិងមានការចាប់អារម្មណ៍ចូលរួមក្នុងវិស័យនេះកាន់តែច្រើន ដែលធ្វើឲ្យសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិកើនឡើងខ្លាំងជាងមុន»។ នេះជាការបញ្ជាក់របស់លោកជំទាវ គង់ សូរីតា នៅពេលឡើងថ្លែងសុន្ទរថាបើកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ខាងលើ។

បើទោះជាយ៉ាងណា ស្ត្រីដែលកំពុងធ្វើការនៅក្នុងវិស័យធុរកិច្ចខ្នាតមីក្រូ និងតូច នៅតែមានបញ្ហាប្រឈមនិងតម្រូវការគាំទ្រច្រើនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងឌីជីថលដែលពួកគាត់មិនទាន់បានប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធហិរញ្ញវត្ថុនិងឌីជីថល អស់ពីសក្តានុពលនៅឡើយទេ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236