មូលនិធិ UNCDF៖ ការប្រើសេវាហិរញ្ញវត្ថុផ្លូវការរបស់ពលរដ្ឋនៅជនបទកើនពី៥៩% ទៅ៦៧% ត្រឹមឆ្នាំ២០២៥
Posted by -
Phoung Somphors
Published on -
29/8/2022 5:18 PM

ភ្នំពេញ៖ លោក ម៉ែន ភក្តីប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យនិងវិភាគម៉ាក្រូ ធនាគារជាតិនៃកម្ពុជា បានលើកពីការសិក្សាស្រាវជា្រវរបស់មូលនិធិ UNCDF ថា ក្នុងឆ្នាំ២០២១ ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការរបស់ប្រជាពលរដ្ឋកម្ពុជា ជារួមមានការកើនឡើងពី ៥៩% ទៅ៦៧% ។ ប៉ុន្តែ ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការរបស់ពលរដ្ឋជាស្ត្រីនៅទ្រឹង ៦០% ហើយការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការរបស់ពលរដ្ឋនៅទីជនបទមានត្រឹម ៦១% ។

នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់អំពីការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងស្ត្រីក្នុងសហគ្រិនភាព កាលពីថ្ងៃទី២៣ សីហាកន្លងទៅ លោក ម៉ែន ភក្តី បញ្ជាក់ពីកត្តាចម្បងធ្វើឱ្យរាំងស្ទះដល់ការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ពលរដ្ឋនៅទីជនបទ និងពលរដ្ឋជាស្ត្រី ដែលការសិក្សាស្រាវជ្រាវនោះរកឃើញថា ដោយសារការរាលដាលនៃជំងឺកូវីដ-១៩ ប្រាក់ចំណូលទាប និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិតជាដើម។

ជាមួយគ្នានេះ លោក ភក្តី ក៏បានលើកពីបរិយាបន្នហិរញ្ញវត្ថុដែរថា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយវិសមភាពនិងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ បរិយាបន្នហិរញ្ញវត្ថុ គឺជាលទ្ធភាពទទួលបាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលាសមស្របតាមតម្រូវការ មានតម្លៃសមរម្យ និងមានកិច្ចការពារតាមផ្លូវច្បាប់។

ដើម្បីជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ រាជរដ្ឋភិបាលកម្ពុជា បានអនុម័តយុទ្ធសាស្រ្តជាតិស្តីពីបិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥​ ក្នុងគោលដៅកាត់បន្ថយអត្រាស្រ្តីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុឱ្យបានពាក់កណ្តាលពី២៧%មក១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩% ទៅ ៧០% ត្រឹមឆ្នាំ២០២៥៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236