កម្ពុជា-ជប៉ុន សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង ១៧០០លានដុល្លារ ក្នុងឆ្នាំ២០២១
Posted by -
Phoung Somphors
Published on -
31/8/2022 12:54 PM

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុនសម្រេចបានទំហំទឹកប្រាក់ជាង ១៧០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅជប៉ុនមានទឹកប្រាក់ជាង១,០៩៣លានដុល្លារ រីឯ ជប៉ុននាំចូលមកកម្ពុជាមានទឹកប្រាក់ជាង ៦០៧លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចនិងវិនិយោគជប៉ុនដឹកនាំដោយ លោកស្រី Marisa Haruta តំណាងអង្គការ JETRO ជប៉ុន ប្រចាំរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២​ ឯកឧត្តម ប៉ាន សូរស័ក្តិ បញ្ជាក់ថា ការនាំចេញរបស់កម្ពុជាទៅជប៉ុន មានផលិតផលដូចជា៖សម្លៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលផ្សេងៗទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ក្របខ័ណ្ឌវិនិយោគ គិតត្រឹមឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៤៦គម្រោង មានទុនវិនិយោគសរុបជាង ២.៨ពាន់លានដុល្លារ ក្នុងនោះគម្រោងវិនិយោគរបស់ជប៉ុនមានចំនួន ២គម្រោង មានទុនវិនិយោគប្រមាណ៦២លានដុល្លារ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី​ ក៏បានលើកឡើងពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា របស់ក្រសួងពាណិជ្ជកម្មនៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ដែលបានសម្ភោធជាផ្លូវការ កាលពីថ្ងៃទី១៧ មីនាកន្លងទៅ។​​ មជ្ឈមណ្ឌលនេះ ជាទីកន្លែងតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលកម្ពុជា និងជាកន្លែងសម្រាប់ពាណិជ្ជករ វិនិយោគជប៉ុនឬសាធារណជនទូទៅមកសាកសួរព័ត៌មានពីច្បាប់ប្បញ្ញត្តិ និងចម្ងល់នានាមុននឹងសម្រេចចិត្តធ្វើពាណិជ្ជកម្ម និងវិនិយោគក្នុងប្រទេសទាំងពីរ។

ក្នុងជំនួបពិភាក្សានេះដែរ លោកស្រី Marisa Haruta តំណាងអង្គការ JETRO ជប៉ុនប្រចាំរាជធានីភ្នំពេញ បានបញ្ជាក់ពីគោលបំណងនៅក្នុងជំនួបពិភាក្សានេះ គឺដើម្បីស្វែងយល់អំពីស្ថានភាពទូទៅនៃបរិយាកាសធុរកិច្ចនៅកម្ពុជានិងស្ថានភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជាពិសេសការសម្របសម្រួលពីរដ្ឋាភិបាលកម្ពុជាលើវិស័យពាណិជ្ជកម្មប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ព្រមទាំងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជននិងវិនិយោគិនជប៉ុនឲ្យពិចារណាក្នុងការប្រកបអាជីវកម្មនិងវិនិយោគនៅកម្ពុជា។

ក្នុងកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម និងវិនិយោករវាងកម្ពុជា និងជប៉ុនឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា គាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុនជប៉ុនទាំងអស់ដែលត្រៀមខ្លួនមកធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា ដោយបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរបស់ក្រសួងពាណិជ្ជកម្មក្នុងការចូលរួមសម្របសម្រួលជាមួយក្រុមហ៊ុនទាំងអស់៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236