កម្ពុជា ស្នើសភាអាមេរិកជួយគាំទ្រនិងផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់អាមេរិកបន្តទៀត
Posted by -
Phoung Somphors
Published on -
1/9/2022 2:01 PM

ភ្នំពេញ៖ នាជំនួបពិភាក្សាការងារជាមួយប្រតិភូសភាអាមេរិកក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-អាមេរិក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានស្នើឱ្យសមាជិកសភាសអាមេរិកជួយគាំទ្រនិងបន្តផ្តល់ប្រព័​ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់អាម៉េរិកដល់កម្ពុជាបន្តទៀត។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានជួបពិភាក្សាការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-អាមេរិក ជាមួយនឹងគណៈប្រតិភូសហរដ្ឋអាមេរិកដែលដឹកនាំលោកជំទាវ Carol Miller សមាជិកសភាសហរដ្ឋអាមេរិកប្រចាំរដ្ឋ West​ Virginia ។​ ឯកឧត្តម ប៉ានសូរស័ក្តិ បានលើកឡើងពីអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក ដែលបានទាក់ទាញរោងចក្រផលិតសម្ភារធ្វើដំណើរជាច្រើនមកកម្ពុជានិងបានបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ បានស្នើឱ្យសមាជិកសភាសហរដ្ឋអាម៉េរិកជួយគាំទ្រនិងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិកដល់កម្ពុជាបន្តទៀត។  ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានបញ្ជាក់ពីតម្រូវការចាំបាច់របស់កម្ពុជានាពេលបច្ចុប្បន្នក្នុងការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា ស្របតាមបរិបទថ្មីនៃសង្គមឌីជីថល រួមមាន៖បច្ចេកវិទ្យាថ្មីៗ អ្នកបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សជាដើមផងដែរ។

ជំនួបពិភាក្សាដែលមានគោលបំណងឈ្វេងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជានិងសំដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនេះលោកជំទាវ Carol Miller សមាជិកសភាសហរដ្ឋអាមេរិកបានឆ្លើយតបនិងសម្តែងការចាប់អារម្មណ៍ចំពោះបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន និងស្វែងយល់ពីសក្តានុពលរបស់កម្ពុជា និងកិច្ចការនានាដែលសហរដ្ឋអាមេរិកអាចជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236