CDC អនុម័តឲ្យក្រុមហ៊ុនចំនួន៥ បោះទុនវិនិយោគអាជីវកម្មរ៉ែមាស,មន្ទីរពេទ្យ, ដំឡើងបន្ទះសូឡា...
ភ្នំពេញ៖ គណៈកម្មាការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីរគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៥បោះទុនប្រមាណ ៨២,៧លានដុល្លារ សម្រាប់បង្កើតរោចក្រចំនួន៥ នៅក្នុងរាជធានី-ខេត្ត ដែលអាចបង្កើតការងារបានចំនួន ១៩១៨កន្លែង។
បើតាម CDC នៅថ្ងៃ០១ខែសីហា ឆ្នាំ២០២២ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមចំនួន២ បង្កើតរោងចក្រនិងសាងសង់និងអាជីវកម្មពេទ្យចំនួន ១៥០គ្រែ នៅខេត្តកណ្តាល។ ក្នុងនោះមានក្រុមហ៊ុន KITATSUSOLAR (CAMBODIA) CO. LTD បោះទុនវិនិយោគប្រមាណ ២៣,៤លានដុល្លារ បង្កើតរោចក្រផ្គុំដំឡើងបន្ទះសូឡាស្ថិតផ្លូវជាតិលេខ៥១ភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញ្ញាឮ ខេត្តកណ្តាលនិងអាចបង្កើតការងារបានចំនួន ៦៣៧កន្លែង។ ចំណែក ក្រុមហ៊ុន KHEMUNIK HOSPITALCO., LTD បោះទុនវិនិយោគប្រមាណ ២៣លានដុល្លារ សាងសង់និងអាជីវកម្មពេទ្យចំនួន ១៥០គ្រែដែលស្ថិតនៅផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល អាចបង្កើតការងារបានចំនួន ៤៥៨កន្លែង។
ទន្ទឹមនឹងនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ញីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៣ទៀត នៅក្រុងភ្នំពេញ ខេត្តកែប និងខេត្តកំពង់ធំ។ សម្រាប់ក្រុមហ៊ុន SAMANEACO., LTD បោះទុនវិនិយោគប្រមាណ ១៨,២លានដុល្លារវិនិយោគអាជីវកម្មអភិវឌ្ឍន៍កោះស្វាយ កោះម្ទេស និងកោះកុក ដែលស្ថិតនៅភូមិកែបសង្កាត់កែប ក្រុងកែប ខេត្តកែប និងអាចបង្កើតការងារបានចំនួន ៦០កន្លែង។ រីឯ ក្រុមហ៊ុនLATE CHENG MINING DEVELOPMENT CO., LTD បោះទុនវិនិយោគប្រមាណ១៣លានដុល្លារ វិនិយោគអាជីវកម្មរ៉ែមាសដែលស្ថិតនៅឃុំសុចិត្រ ស្រុកសណ្តាន់ខេត្តកំពង់ធំ អាចបង្កើតការងារបានចំនួន ៣០០កន្លែង។
ចំពោះក្រុមហ៊ុន HEN JIU GARMENT ACCESSORYCO., LTD បោះទុនវិនិយោគប្រមាណ ៥,១លានដុល្លារបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងខារអំបោះដែលស្ថិតនៅភូមិកន្ទោកជើងសង្កាតកន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងអាចបង្កើតការងារបានចំនួន ៤៦៣កន្លែង៕