ពន្ធដារ ស្នើកិច្ចសហការពីធនាគាជាតិ ចាប់វិធានការផ្លូវច្បាប់លើអាជីវកម្មផ្តល់ឥណទានចំនួន២
ភ្នំពេញ៖ ក្រោយធនាគារជាតិនៃកម្ពុជា ប្រកាសពីសកម្មភាពរបស់ជនខិលខូចមួយចំនួនដែលបានផ្សព្វផ្សាយនិងមានប្រតិបត្តិករផ្តល់ឥណទានក្រៅផ្លូវការ និងបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ អគ្គនាយកដ្ឋានពន្ធដារ បានរកឃើញសហគ្រាសចំនួន២ដែលប្រកបអាជីវកម្មជាប្រតិបត្តិករឥណទានពុំបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធដោយស្នើសុំកិច្ចសហការជាមួយធនគារជាតិ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
តាមលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅ បានស្នើកិច្ចសហការពីធនាគារជាតិនៃកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាស់លើសហគ្រាសចំនួន២ ដែលប្រកបអាជីវកម្មជាប្របិតប្តិករឥណទានពុំបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ដោយសុំឱ្យទេសាភិបាលនៃធនាគារជាតិពិនិត្យលទ្ធភាពជំរុញឱ្យសហគ្រាសទាំង២ គោរពកាតព្វកិច្ចសារពើពន្ធជាធរមានជាមុន។
សគ្រាសផ្តល់ឥណទានទាំង២នោះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដាររកឃើញថា បាននិងកំពុងប្រកបអាជីវកម្មជាប្រតិបត្តិករឥណទាននិងបានផ្តល់ប្រាក់កម្ចី ព្រមទាំងបានធ្វើការផ្សព្វផ្សាយពីការផ្តល់សេវាកម្មរបស់ខ្លួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុកដោយពុំបានបំពេញកាតព្វកិច្ចចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួនឡើង។ សហគ្រាសទាំង២នោះ គឺសហគ្រាសឈ្មោះ Happy Loan Cambodia Co., Ltd. ដែលមានលេខអតប 104005106ជាសហគ្រាសដែលបានចុះបញ្ជីពន្ធដារ ប៉ុន្តែ មិនបានមកធ្វើបច្ចុប្បន្នភាពព័ត៌មាននិងមិនបានប្រកាសបង់ពន្ធឡើង។ ចំណែកសហគ្រាសមួយទៀតមានឈ្មោះ Tiger Loan ជាសហគ្រាសដែលមិនទាន់បានមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារនៅឡើយ។
សេចក្តីប្រកាសព័ត៌មានដែលចុះហត្ថលេខាដោយឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលស្នើសុំកិច្ចសហការតាមផ្លូវច្បាស់ដល់សហគ្រាសឥណទានខាងលើកនេះ យោងតាមច្បាប់ស្តីពីសារពើពន្ធ និងច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីពង្រឹងអនុលោមភាពតាមផ្លូវច្បាប់ជាធរមាននិងលើកកម្ពស់បរិយាកាសធុរកិច្ចនិងធានាបាននូវការប្រកួតប្រជែងដោយស្មើភាព ជាពិសេសសំដៅជំរុញឱ្យការអនុវត្តច្បាប់មានប្រសិទ្ធភាពខ្ពស់៕