ការចរចារប្រាក់ឈ្នួលកម្មករឆ្នាំ២០២៣ ភាគីថៅកែដំឡើងដល់១៩៦ដុល្លារ តែភាគីកម្មករទាមទារ ២១៣ដុល្លារ
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នូលអប្បរមាបានបន្តកិច្ចប្រជុំជាលើកទី៣ របស់ខ្លួន ដើម្បីកំណត់ប្រាក់ឈ្នូលអប្បបរមាផ្នែវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងការបូបសម្រាប់ឆ្នាំ២០២៣។ ការពិភ្សានោះ ភាគីនិយោជកបានដំឡើងប្រាក់ឈ្នូលចំនួន ១៩៦ដុល្លារ ខណៈភាគីតំណាងកម្មករនិយោជិតទាមទារប្រាក់ឈ្នូលចំនួន ២១៣ដុល្លារ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅ កិច្ចប្រជុំផ្ទៃក្នុងអំពីការដំឡើងប្រាក់ឈ្នូលកម្មករជាលើកទី៣នេះ ភាគីតំណាងកម្មករនិយោជិតបានបន្ថយតួលេខពីចំនួន ២១៥ដុល្លារ មកត្រឹម ២១៣ដុល្លារ ជាមូលដ្ឋានក្នុងការចរចារលើកទី៣នេះ ខណៈភាគីនិយោជកបានដំឡើងតួលេខកាលពីកិច្ចប្រជុំលើកទី២ ចំនួន១៩៤ដុល្លារ ទៅចំនួន ១៩៦ដុល្លារ ក្នុងការចរចារនៅក្នុងកិច្ចប្រជុំលើកទី៣នេះផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ ភាគីរដ្ឋាភិបាលបានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា តាមសំណូមពររបស់ភាគីតំណាងកម្មករនិយោជិត និងភាគីតំណាយនិយោជក។ ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នូលអប្បបរមា បានគណនាឃើញថាតួលេខប្រាក់ឈ្នូលអប្បបរមាសម្រាប់ឆ្នាំ២០២៣ គឺ ១៩៧,៨៦ដុល្លារអាមេរិក។ ការគណនានេះផ្អែកតាមលក្ខណបច្ចេកទេស និងបម្រែបម្រួលទិន្នន័យនៃលក្ខណវិនិច្ឆ័យទាំង៧ ដែលជាមូលដ្ឋានកំណត់ប្រាក់ឈ្នួលអប្បរមានេះ។
ក្រៅពីភាគីទាំងពីរបានពន្យល់និងការពារគោលជំហររបស់រៀងៗខ្លួនមក អង្គប្រជុំបានឯកភាពគ្នាកំណត់ថ្ងៃប្រជុំពីការដំឡើងប្រាក់ឈ្នួលនេះនៅថ្ងៃទី១៣ ខែកញ្ញា បន្តទៀត និងប្រជុំបញ្ចប់នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២៕