កម្ពុជានាំទំនិញទៅទីផ្សារពិភពលោកក្នុងឆ្នាំ២០២១ កើនដល់១៩,៣ប៊ីលានដុល្លារ
Posted by -
Phoung Somphors
Published on -
6/9/2022 1:38 PM

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សុខសុភ័ក្រ្ត នាជំនួបជាមួយនឹងប្រធានក្រុមសេដ្ឋកិច្ចវិទូ ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគូសបញ្ជាក់ពីការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារពិភពលោកក្នុងឆ្នាំ២០២១បានកើនឡើងប្រមាណ១៩,៣ ប៊ីលានដុល្លារអាមេរិក។ ជារួមទំហំពាណិជ្ជកម្មកម្ពុជាបានកើនឡើងក្នុងអត្រា២៨,២៣% ក្នុងរយៈពេល១ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២១និងមានការកើនឡើងក្នុងអត្រា ២៦% ក្នុងឆមាសទី១ ឆ្នាំ២០២២។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សុខ សុភ័ក្រ្តនាជំនួបជាមួយនឹងលោក Albert Park ប្រធានក្រុមសេដ្ឋកិច្ចវិទូប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិភាក្សាការងារទ្វេភាគី ដើម្បីផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពថ្មីក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា បានលើកឡើងពីវិស័យវិនិយោគ នៅក្នុងឆមាសទី១ ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគចំនួន៤៧គម្រោង មានទុនសរុប ២,៥ ប៊ីលានដុល្លារ​ ក្នុងអត្រាកំណើនប្រមាណ ១៤,២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ គម្រោងវិនិយោគទាំងនោះផ្តោតលើគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងវារីអគ្គិសនី ការផលិតសំបកកង់ឡាន សណ្ឋាគារ រោចក្រស៊ីម៉ង់ត៍ ការដាំដុះចេកនិងផ្លែឈើផ្សេងៗ រោងចក្រដំឡើងរថយន្ត និងមន្ទីរពេទ្យ ជាដើម។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងផងដែរថាទោះបីទំហំពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជាមានការកើនឡើងជាវិជ្ជមានក្នុងរយៈពេល ១៨ខែចុងក្រោយនេះក៏ដោយ កម្ពុជានៅតែបន្តជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជាភាពមិនច្បាស់លាស់នៃវិបត្តិកូវីដ-១៩ ធ្វើឲ្យប្រទេសមួយចំនួននៅបន្តអនុវត្តវិធានការសុខាភិបាលតឹងតែងនិងការកម្រិតលទ្ធភាពនៃការធ្វើដំណើរ។ ដោយឡែកជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ក៏បានបង្កផលប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ពិសេសធ្វើឲ្យថ្លៃប្រេងនិងវត្ថុធាតុដើមចាំបាច់មួយចំនួនកើនឡើង។ ជាមួយគ្នានេះ បញ្ហាកង្វះខាតហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ក៏ធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញការធ្វើសមាហរណកម្មឌីជីថលនិងកិច្ចសម្រួលពាណិជ្ជកម្មឌីជីថល។

ជំនួបដែលធ្វើឡើងដោយឆ្លៀតក្នុងឱកាសវេទិកាលើកទី១០ ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិក ដែលសហការរៀបចំ ADB ស្ថាប័ន UN-ESCAP និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មសិង្ហបុរីនៅថ្ងៃទី២៩ សីហា ដល់ថ្ងៃទី០១ កញ្ញា ឆ្នាំ២០២២នេះ ត្រូវបានឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើដល់លោក Albert Park ប្រធានក្រុមសេដ្ឋកិច្ចវិទូប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយឱ្យភាគី ADB ពិចារណាផ្តល់ការគាំទ្រកម្ពុជាតាមរយៈការផ្តល់ជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុសម្រាប់សកម្មភាពនានា។ ជំនួយសម្រាប់រៀបចំគោលនយោបាយយុទ្ធសាស្ត្រសម្រាប់ការស្តារឡើងវិញនូវខ្សែច្រវ៉ាក់តម្លៃនិងការផ្គត់ផ្គង់ក្នុងតំបន់និងសកលនិងការរៀបចំគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា (ICT) សម្រាប់គាំទ្រសមាហរណកម្មឌីជីថល និងកិច្ចសម្រួលពាណិជ្ជកម្មឌីជីថលនិងការពង្រឹងសមត្ថភាពនិងជំនាញក្នុងការចរចាពាណិជ្ជកម្មសេរីសម្រាប់មន្ត្រីកម្ពុជាតាមរយៈវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) របស់ក្រសួងពាណិជ្ជកម្ម៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236