CDC អនុម័តឲ្យក្រុមហ៊ុនចំនួន៥ បោះទុនជាង៤៤លានដុល្លារ បង្កើតរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនិងនិងខេត្តព្រះសីហនុ
ភ្នំពេញ៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៥ បោះទុនប្រមាណ ៤៤,៤០៥លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស រាជធានីភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលអាចបង្កើតការងារបានចំនួន៩៥០នាក់។
បើតាម CDC កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន ៤ បង្កើតរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ។ ក្នុងនោះមានក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd មានទុនវិនិយោគចំនួន ៣៦,៧លានដុល្លារ គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតាដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ, រាជធានីភ្នំពេញនិងបង្កើតការងារបានចំនួន ១៥០នាក់។
ចំណែកក្រុមហ៊ុន WCFO (Cambodia) Co., Ltd មានទុនវិនិយោគចំនួន ៣,៨លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតប្រអប់ និងគ្រឿងបង្គុំផ្សេងៗធ្វើពីលោហៈដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ, រាជធានីភ្នំពេញអាចបង្កើតការងារបានចំនួន ១៥០នាក់។ រីឯ ក្រុមហ៊ុន Thirty Three Apparels (Cambodia) Co., Ltd មានទុនវិនិយោគចំនួន ២,១លានដុល្លារគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ ភ្នំពេញ, រាជធានីភ្នំពេញ និងបង្កើតការងារបានចំនួន៤៥០នាក់។
ចំពោះក្រុមហ៊ុន WCFO ASAMA Co., Ltd មានទុនវិនិយោគចំនួន ៨០៥ពាន់ដុល្លារគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្ទាប់បន្សំសម្រាប់ឧបករណ៍បញ្ជូនទិន្នន័យធ្វើពីប្លាស្ទិក ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ ភ្នំពេញ, រាជធានីភ្នំពេញ និងបង្កើតការងារបានចំនួន១០០នាក់។
ទន្ទឹមនឹងនេះគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុន A& M Clothing Co., Ltd មានទុនវិនិយោគចំនួន ១លានដុល្លារគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ និងអាចបង្កើតការងារបានចំនួន១០០នាក់៕