ពន្ធដារ ក្រើនរំលឹកជាលើកទី២ ឲ្យម្ចាស់អចលទ្រព្យស្រូតបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារក្រើនរំលឹកម្ចាស់អចលនទ្រព្យទាំងអស់ឲ្យស្រូតទៅបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២នេះ ជាលើកទី២ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ។ ក្នុងករណីដែលម្ចាស់អចលទ្រព្យ មិនបានបង់ពន្ធទាន់ពេលវេលាទេនោះនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី០៨ ខែកញ្ញានេះ។
ការក្រើនរំលឹកដល់ម្ចាស់អចលទ្រព្យនៅទូទាំងប្រទេសនេះដើម្បីជំរុញការប្រមូលពន្ធលើអចលទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២ ឲ្យបានអស់លទ្ធភាពប្រកបដោយប្រសិទ្ធិភាពខ្ពស់និងចៀសវាងនូវការកកស្ទះការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់។
ចំពោះ កាលបរិច្ឆេទបង់ពន្ធនឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ឲ្យម្ចាស់អចលទ្រព្យទាំងអស់ឲ្យទៅបង់ពន្ធនៅ អគ្គនាយកដ្ឋានពន្ធដារឬសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធានាគារដូចជា៖ អេស៊ីលីដាភីអិលស៊ី, ធនាគារ កាណាឌីយ៉ា ក.អ, ធនាគារ វឌ្ឍនៈ, ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី, ធនាគារស្ថាបនា ភីអិលស៊ី, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក, ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារ អាស៊ីចំកាត់និងធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬតាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកបានពី App Store ឬ Play Store។
ការប្រកាសបង់ពន្ធលើអចលទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ អនុលោមតាមប្រកាសចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលទ្រព្យ និងប្រកាសចុះថ្ងៃទី០៥ ខែកក្កដាឆ្នាំ១៩៩៦ ស្តីពីការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់ ការបង់ពន្ធលើអចលទ្រព្យនិងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់៕