សេដ្ឋកិច្ចកម្ពុជារំពឹងកើនក្នុងរង្វង់៥% ខណៈអតិផរណាបន្តកើនឡើងក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២
Posted by -
Phoung Somphors
Published on -
12/9/2022 9:45 AM

ភ្នំពេញ៖ នាជំនួបជាមួយនឹងក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Alasdair Scott ប្រធានបេសកកម្មរបស់ IMF សម្រាប់កម្ពុជា កាលពីថ្ងៃទី០៧ កញ្ញា ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា កម្ពុជារំពឹងថានឹងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥% ជាមួយនឹងអត្រាអតិផរណាអាចគ្រប់គ្រងបាន បីទោះជាអតិផរណាក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២ បានកើនឡើងក៏ដោយ ខណៈអតិផរណានៅឆមាសទី២ ត្រូវបានរំពឹងថាថយចុះទាបជាង ៥% វិញ។

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានលើកឡើងពីទុនបម្រុងអន្តរជាតិរបស់កម្ពុជាដែរថា បន្តរក្សាបានក្នុងកម្រិតគ្រប់គ្រាន់ស្មើនឹងប្រមាណ ៧ខែ នៃការនាំចូលទំនិញនិងសេវាកម្មខ្ពស់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិឌ្ឍន៍គួរមានគឺចំនួន ៣ខែ។ ឯកឧត្តមទេសាភិបបាល រូបនេះបន្តថា ចំពោះតម្លៃប្រាក់រៀល អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារមានស្ថិរភាពល្អប្រសើរ ដោយមានកម្រិតមធ្យមប្រហាក់ប្រហែលគ្នាក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២១ ក្រោមសកម្មភាពសេដ្ឋកិច្ចងើបឡើងវិញ។ ដូច្នេះ ស្ថិរភាពអត្រាប្តូរប្រាក់បានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអំណាចទិញរបស់ចំណូលប្រជាជន និងជួយកាត់បន្ថយការកើនឡើងនៃអតិផរណា។

ឯកឧត្តម ជា ចាន់តូ ក៏បានឱ្យដឹងទៀតថា ប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បន្តមានសុខភាពល្អ និងមានភាពធន់នឹងវិបត្តិ ព្រមទាំងបានចូលរួមកាត់បន្ថយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ និងគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងដំណាក់កាលងើបឡើងវិញ។ ទន្ទឹមនឹងនេះ ប្រព័ន្ធធនាគារបានបន្តផ្តល់ឥណទានដល់វិស័យឯកជន ជាមួយនឹងកំណើន ២៣% ហើយក៏បានកៀគរប្រាក់បញ្ញើ ដោយមានកំណើន ១៦% ផងដែរ។ ចំណែក ឥណទានរបស់ប្រព័ន្ធធនាគារបានគាំទ្រការវិនិយោគនៅគ្រប់វិស័យសេដ្ឋកិច្ច ហើយធនាគារជាតិនៃកម្ពុជាបាននិងកំពុងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នលើហានិភ័យនានាជាប្រចាំ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236