សហគ្រិន-អាជីវករស្ត្រីជាច្រើន ដំណើរការនិងចាប់ផ្តើមអាជីវកម្មនៅកម្រិតមីក្រូ និងមិនទាន់ផ្លូវការ
ភ្នំពេញ៖ នៅក្នុងប្រទេសកម្ពុជា សហគ្រាសធុនតូចនិងមធ្យម (SME) ប្រមាណ៩៨% នៃធុរកិច្ចទាំងអស់ បានចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិប្រមាណ៥៨% និងបានផ្តល់ការងារប្រមាណ៧៣% នៃការងារទាំងអស់ផងដែរ។ ក្នុងនោះមានស្ត្រីប្រមាណ៦១% ជាម្ចាស់និងថ្នាក់ដឹកនាំសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ប៉ុន្តែពួកគាត់នៅតែ មានបញ្ហាប្រឈមជាច្រើន និងកាន់តែប្រឈមខ្លាំងក្នុងអំឡុងពេលវិបត្តិកូវីដ-១៩។
លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រួសងកិច្ចការនារី បានថ្លែងនៅក្នុងវេទិកាថ្នាក់ជាតិស្តីពី៖«ការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រីនៅតំបន់អាស៊ាន តាមរយៈគោលនយោបាយគាំពារគ្រួសារនិងសង្គម» កាលពីថ្ងៃទី០៧ កញ្ញានេះ ថា ឧបសគ្គដែលសហគ្រិននិងម្ចាស់អាជីវកម្មជាស្រ្តីប្រឈមនោះ គឺការទទួលបាននិងការគ្រប់គ្រងលើធនធាន រួមទាំងសមត្ថភាពផលិតភាព និងការលំបាកនៅគ្រប់ដំណាក់កាលនៃការទទួលបានឱកាសសម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ជាពិសេសតាមតំបន់ទីជនបទ។ លោកជំទាវ អ៊ឹង កន្ថាផាវី បានបញ្ជាក់ដូច្នេះថា៖«សហគ្រិន និងអាជីវករជាស្ត្រីភាគច្រើននៅតែដំណើរការ និងចាប់ផ្តើមអាជីវកម្មនៅកម្រិតមីក្រូ និងមិនទាន់ផ្លូវការ»។
នៅក្នុងវេទិកាថ្នាក់ជាតិខាងលើក ដែលក្រសួងកិច្ចការនារី និងអង្គការអុកស្វាម សហការរៀបចំនៅនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ៊ឹង កន្ថាផាវី បានលើកថា វិបត្តិកូវីដ-១៩ បានធ្វើឱ្យសហគ្រិនភាពស្រ្តី ជាពិសេសនៅក្នុងសហគ្រាសធុនមីក្រូ តូច និងមធ្យម ស្ថិតក្នុងចំណុចដែលងាយរងផលប៉ះពាល់ខ្ពស់ និងតម្រូវឱ្យយើងគិតគូរ និងឆ្លើយតបនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ចនិងសង្គមពីវិបត្តិកូវីដ-១៩។ ជាពិសេសលើបញ្ហាប្រឈមនិងតម្រូវការគន្លឹះៗ ដូចជា លទ្ធភាពទទួលបានហិរញ្ញវត្ថុនិងទីផ្សារ, សមត្ថភាពផ្នែកឌីជីថលនិងហិរញ្ញវត្ថុ និងបន្ទុកការងារថែទាំគ្មានប្រាក់កម្រៃ។
ក្នុងវេទិកាថ្នាក់ជាតិដែលឆ្លុះបញ្ចាំងអំពីអាទិភាពសហគ្រិនភាពស្រ្តី និងកិច្ចគាំពារសង្គមនៅកម្ពុជា ក្នុងក្របខណ្ឌស្តារសេដ្ឋកិច្ច-សង្គម ពីវិបត្តិកូវីដ-១៩ និងក្នុងរបៀបវារៈនៃការរស់នៅតាមបែបគន្លងថ្មី ដែលមានអ្នកចូលរួមផ្ទាល់ប្រមាណ ២០០នាក់ និង៥០០នាក់ទៀតតាមប្រព័ន្ធអនឡាញ (Zoom) នេះ ត្រូវបានលោកជំទាវរដ្ឋមន្ត្រីឱ្យដឹងដែរថា ថ្មីៗនេះ នៅក្នុងអំឡុងកូវីដ-១៩ ក្រសួងកិច្ចការនារី (តាមរយៈគម្រោងដែលគាំទ្រពី UN-ESCAP) ក៏បានធ្វើការសិក្សាលើស្រ្តីជាសហគ្រិន និងម្ចាស់អាជីវករខ្នាតមីក្រូ តូច និងមធ្យម ចំនួនជិត ២០០នាក់។
លទ្ធិផលនៃការសិក្សានេះបានបង្ហាញថា បន្ទុកការងារក្នុងផ្ទះលើការមើលថែទាំគ្រួសារ និងការងារគ្មានប្រាក់កម្រៃ គឺជាបញ្ហាចម្បងមួយរបស់ស្រ្តីសហគ្រិននៅកម្រិតមីក្រូ តូច និងមធ្យម ហើយបើបន្ទុកនេះត្រូវបានកាត់បន្ថយនិងឆ្លើយតប, វាជាកត្តាចាំបាច់ក្នុងការជួយដល់ការរីកចម្រើន និងផលិតភាពអាជីវកម្មរបស់គាត់៕