ភ្ជុំបិណ្ឌ៖ សាលាក្រុងភ្នំពេញត្រៀមរថយន្ត១៧៥គ្រឿងដឹកពលរដ្ឋទៅស្រុកកំណើត ដើម្បីសម្រួលជីវភាពនិងកាត់បន្ថយការឡើងថ្លៃរថយន្តឈ្នួល
ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានថ្លែងសារជាសំឡេងទៅជនរួមជាតិក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនាឆ្នាំ២០២២នេះ ដើម្បីឱ្យប្រជាពលរដ្ឋនិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការប្រុងប្រយ័ត្ន និងការគ្រប់គ្រងស្ថានភាពកូវីដ-១៩ នៅកម្ពុជា។ តាមរយៈសារជាសំឡេងប្រមាណ១២នាទី កាលពីថ្ងៃទី១២ កញ្ញានេះ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឱ្យសាលារាធានីភ្នំពេញត្រៀមរៀបចំរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដោយមិនគិតថ្លៃ ខណៈដែលសាលាក្រុងភ្នំពេញត្រៀមរថយន្តក្រុងចំនួន១៧៥គ្រឿង។
សម្តេច ហ៊ុន សែន បានលើកឡើងថា ការផ្តល់ជូននេះគឺធ្វើដូចមុនពេលដែលកើតមានវិបត្តិកូវីដ-១៩ ដើម្បីកាត់បន្ថយនូវការដំឡើងថ្លៃរបស់រថយន្តឈ្នួល ឬតាក់ស៊ី និងជួយសម្រួលដល់ប្រជាពលរដ្ឋឲ្យមានលទ្ធភាពក្នុងការធ្វើដំណើរទៅតាមមូលដ្ឋានណាមួយ។ ជាមួយគ្នានេះដែរ សម្តេចក៏បានអំពាវនាវដល់ម្ចាស់រថយន្តឈ្នួល ឬតាក់ស៊ីទាំងឡាយ កុំឲ្យតម្លើងថ្លៃក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធិភាពក្នុងការធ្វើដំណើរ។
លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិនិត្យនឹងការពារសណ្តាប់ធ្នាប់ឲ្យបានល្អបំផុតសម្រាប់ប្រជាជន ដែលទៅធ្វើបុណ្យនៅតាមទីវត្តអារាមនានា និងអ្នកធ្វើដំណើរកម្សាន្តនៅទីកន្លែងនានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ សម្តេច បញ្ជាក់ថាលោកនឹងមិនមានវត្តមាននៅកម្ពុជាឡើយ ដោយមានបេសកកម្មទៅថ្លែងសុន្ទរកថានៅសហរដ្ឋអាមេរិក, ទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបា និងទៅចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំ២០២២នេះ៕
នារសៀលថ្ងៃដដែល សាលារាធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងពីការរៀបចំរថយន្តក្រុងចំនួន ១៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ៥ថ្ងៃ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនគិតប្រាក់ តាមការស្នើសុំរបស់សម្តេចនាយករដ្ឋមន្ត្រី។ ក្នុងនោះមានរថយន្តក្រុងចំនួន៥៥គ្រឿង សម្រាប់ពលរដ្ឋនៅក្នុងភ្នំពេញ និងចំនួន១២០គ្រឿងទៀត សម្រាប់ពលរដ្ឋដែលត្រូវធ្វើដំណើរទៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលក្រុងភ្នំពេញក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃនៅដដែលក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលនិងសាលាក្រុងភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
ខាងក្រោមនេះជាតារាងទីតាងចេញដំណើរទៅតាមបណ្តាខេត្តដែលរដ្ឋបាលក្រុងភ្នំពេញបានរៀបចំ៖