ក្រុមហ៊ុនបោះលក់មូលបត្រចំនួន ១៦ប្រមូលសាច់ប្រាក់បាន ២៨១,៧៩លានដុល្លារក្នុងឆ្នាំ២០២១
ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជាបានបញ្ចេញរបាយការណ៍ប្រចាំឆ្នាំ២០២១ របស់ខ្លួនថា ទីផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនបោះផ្សាយចំនួន១៦ក្រុមហ៊ុន ក្នុងនោះ ៩ក្រុមហ៊ុនជាក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនិង ៧ក្រុមហ៊ុនទៀតជាក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។ ក្រុមហ៊ុនទាំង១៦នេះបានប្រមូលសាច់ប្រាក់សរុបចំនួន ២៨១,៧៩លានដុល្លារនិងមានមូលធនូបនីយកម្មទីផ្សារចំនួន ៦,៥% ធៀបនឹងផលិតផលក្នុងស្រុកសរុបឆ្នាំ២០២០។
បើតាមឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានឱ្យដឹងថា និយ័តករមូលបត្រកម្ពុជា បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនធ្វើអាជីវកម្មគម្រោងវិនិយោគរួមចំនួន១៩ក្រុមហ៊ុនមកហើយហើយក៏បានអនុញ្ញាតទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាក្នុងវិស័យមូលបត្រចំនួន ៣៥ក្រុមហ៊ុននិងបានផ្តល់លេខអត្តសញ្ញាណវិនិយោគិនចំនួន ៣០ ៧៩៨។ ជាមួយគ្នានេះ និយប័តករមូលបត្រកម្ពុជាក៏បានផ្តល់ការបណ្តុះបណ្តាលដល់សាធារណជន វិនិយោគិនសក្តានុពល ក្រុមហ៊ុនបោះផ្សាយសក្តានុពលដែលមានអ្នកចូលរួមប្រមាណ៦ពាន់នាក់ផងដែរ។
ឯកឧត្តម ស៊ូ សុជាតិបានលើកឡើងនៅក្នុងរបាយការណ៍សមិទ្ធផលការងារឆ្នាំ២០២១របស់និយ័តករមូលបត្រកម្ពុជាដែលមានកម្រាស៦៨ទំព័រ ថាដើម្បីពីការពង្រឹងសណ្តាប់ធ្នាប់ទំនុកចិត្ត និងវិជ្ជាជីវៈជំនាញក្នុងទីផ្សារ និយ័តករមូលបត្រកម្ពុជាបានផ្តល់ការរៀបចំវគ្គបណ្តុះបណ្តាល និងការប្រឡងនិងកម្មវិធីអប់រំវិជ្ជាជីវៈបន្តសម្រាប់បុគ្គលិកត្រូវទទួលស្គាល់គុណវុឌ្ឍិចំនួន២១លើក ដែលមានអ្នកចូលរួមចំនួន ២ ០៤៨នាក់៕