សម្តេច ហ៊ុន សែន៖ ស្ថានភាពសង្គម-សេដ្ឋកិច្ចក្នុងតំបន់អាស៊ាននិងពិភពលោក កំពុងផុយស្រួយនិងបែកខ្ញែកគ្នា
Posted by -
Phoung Somphors
Published on -
13/9/2022 6:07 PM

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថែងបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ថាសម្របពេលដែលអាស៊ានបាននិងកំពុងងើបចេញពីវិបត្តិកូវីដ-១៩ ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពឡើងវិញក៏ពិតមែន។ ប៉ុន្តែ ស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្នក្នុងតំបន់អាស៊ាន ក៏ដូចជាសាកលលោកកទាំងមូលនៅតែមានភាពផុយស្រួយ នឹងបែកខ្ញែកគ្នា។ សម្តេច ហ៊ុន បញ្ជាក់ថាគឺស្ថានភាពនេះ គឺដោយសារការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្តារសង្គមសេដ្ឋកិច្ចឡើងវិញ។

សម្តេចនាយករដ្ឋមន្ត្រីបានឱ្យដឹងដូច្នេះថា ការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានបង្កឱ្យមានផលប៉ះពាល់ទៅលើការកើនឡើងនៃអតិផរណា ការកកស្ទះប្រព័ន្ធដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់សាកលកាន់តែធ្ងន់ធ្ងរ និងជាពិសេសនៅក្នុងវិស័យទំនិញនិងម្ហូបអាហារ។ ទន្ទឹមនឹងនេះ ភាពតានតឹងនិងភាពប្រកួតប្រជែងផ្នែកភូមិសាស្រ្តនយោបាយនៅក្នុងតំបន់យុទ្ធសាស្រ្តមួយចំនួន រួមទាំងក្នុងទ្វីបអាស៊ីផងដែរនោះ ក៏នឹងបន្តចោទជាបញ្ហានិងហានីភ័យដល់ស្ថេរភាព និងវិបុលភាពនៅក្នុងតំបន់និងសាកលផងដែរ។

«បញ្ហាប្រឈមទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពមានកម្រិតនៃកិច្ចសហប្រិតបត្តិការអន្តរជាតិ និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ការណ៍នេះទាមទារឱ្យមានការប្តេជ្ញាចិត្តឡើងវិញ ក្នុងការបង្កើតភាពជាដៃគូយ៉ាងជិតស្និតប្រកបដោយភាពទូលំទូលាយទាំងក្នុងក្របខណ្ឌតំបន់និងសាកល»។ នេះជាការថ្លែងបញ្ចាក់របស់នាយករដ្ឋមន្ត្រីកម្ពុជាអំពីការស្តារស្ថានភាពសង្គម-សេដ្ឋកិច្ចឡើងវិញ នៅក្នុងវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ដែលរៀបចំនៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។

ទន្ទឹមនឹងនេះ សម្តេច ហ៊ុន សែន ក៏បានរម្លឹកពីការផ្ទះឡើងដំបូងនៃជំងឺកូវីដ-១៩ ដែរថា ប្រទេសនីមួយៗបានបិទព្រំប្រទល់និងកាត់បន្ថយការទាក់ទងរវាងមនុស្ស និងទំនិញឆ្លងកាត់ព្រំដែន ដោយសារនៅពេលនោះយើងមិនទាន់យល់ច្បាស់អំពីជំងឺនេះ។ ប៉ុន្តែ ការថមថយនៃការឆ្លងរាលដាល់នៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាននាពេលបច្ចុប្បន្ន គឺផ្តើមចេញពីការព្រឹងកច្ចសហប្រតិបត្តការ និងភាពជាដៃគូឡើងវិញតាមរយៈការចែករំលែកវ៉ាក់សាំង ការផ្តល់ជំនួយហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកបច្ចេកទេស ក្រោមស្មារតីយោគយល់និងចេះជួយគ្នាទៅវិញទៅមក។

ប្រមុខរដ្ឋាភិបាលកម្ពុជា រូបនេះ បានគូសបញ្ជាក់ថា ស្រដៀងគ្នានឹងកាលជួបវិបត្តិនៃការឆ្លងជំងឺកូវីដ-១៩ នេះដែរ នៅក្នុងក្របខណ្ឌតំបន់អាស៊ាន ភាពជាអ្នកដឹកនាំនិងភាពជាដៃគូ គឺជាកត្តាចម្បងដែលធ្វើឱ្យយើងអាចជម្នះគ្រប់ឧបសគ្គ និងប្រែក្លាយតំបន់អាស៊ានទៅជាតំបន់មួយលេចធ្លោ និងមានការរីកចម្រើនលើគ្រប់វិស័យ។ ក្នុងស្មារតីនេះ ស្ថិតនៅក្នុងស្ថានភាពសង្គមសេដ្ឋកិច្ចបច្ចប្បន្ន យើងមិនត្រឹមតែមិនបែកបាក់សាមគ្គីប៉ុណ្ណោះទេ តែផ្ទុយទៅវិញយើងត្រូវពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតថែមទៀត។ ការលើកឡើងដូច្នេះរបស់សម្តេច ហ៊ុន សែន គឺស្របតាមមូលបទអាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលកម្ពុជាបានកំណត់ក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២នេះ ដើម្បីបន្តរក្សាភាពរីកច្រើនទៅមុខ ឆ្ពោះទៅអនាគតភ្លឺស្វាងនិងវិបុលភាព។

វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ដែលសហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជានេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពជាអ្នកដឹកនាំប្រកដោយស្មារីទទួលខុសត្រូវ និងភាពស្អិតរមួតនៃភាពជាដៃគូក្នុងតំបន់អាស៊ានទាំងមូលរបស់យើង។ «វេទិកានេះនឹងផ្តល់ឱកាសយើងពិភាក្សាអំពីការរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមក្នុងតំបន់និងសាកល ក៏ដូចជាការរួមគ្នាចាប់យកឱ្យអស់លទ្ធភាពនិងកាលានុវត្តន៍ភាពថ្មី ដែលលេចចេញដូចជាសន្ទុះដ៏លឿននៃឌីជីថលរូបនីយកម្ម និងការកើនឡើងនៃទំហំធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ជាដើម»។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបញ្ជាក់យ៉ាងដូច្នេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236