CDC អនុម័តឲ្យក្រុមហ៊ុនចំនួន៣ បោះទុន១៦,៥លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅភ្នំពេញនិងកំពង់ស្ពឺ
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៣ បោះទុនវិនិយោគប្រមាណ ១៦,៥លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅភ្នំពេញនិងខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានចំនួន ៦៦៨៨កន្លែង។
បើតាម CDC កាលពីថ្ងៃទី០៩ ខែកញ្ញា កន្លងទៅ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន២ បង្កើតរោងចក្រ នៅខេត្តកំពង់ស្ពឺ។ ក្នុងនោះមាន ក្រុមហ៊ុន CHINA TING (Cambodia) FASHION Co., Ltd មានទុនវិនិយោគចំនួន ៥,៦លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានប្រមាណ ៣១៥៨កន្លែង។
ចំណែក ក្រុមហ៊ុន Y,T,I (Cambodia) GARMENT Co., Ltd មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានចំនួន ២១៨៣កន្លែង។
ទន្ទឹមនឹងនេះ CDC ក៏បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុន SKY CLOTHING (Cambodia) Co., Ltd មានទុនវិនិយោគចំនួន ៥,៤លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងអាចបង្កើតការងារបានចំនួន ១៣៤៧កន្លែង៕