សមាគមមីក្រូហិរញ្ញវត្ថុ លើកទឹកចិត្តសមាជិកខ្លួនឱ្យផ្តល់ឥណទានក្នុងលក្ខខណ្ឌអនុគ្រោះដល់ពលរដ្ឋរស់នៅភូមិរុនតាឯក តាមការស្នើរដ្ឋាភិបាល
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុ បានប្រកាសគាំទ្រអំពាវនាវនិងស្មើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ផ្តល់ប្រាក់កម្ចីជាមួយអត្រាការប្រាក់ទាបជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់តាមតម្រូវការនាពេលខាងមុខ។
ការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឱ្យផ្តល់ប្រាក់កម្ចីក្នុងការប្រាក់ទាបនេះធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរចំនួន ១១១៧គ្រួសារ ទៅកាន់ភូមិធម្មជាតិរុនតាឯក កាលពីថ្ងៃទី១៣ កញ្ញាម្សិលមិញ។
ជាការឆ្លើយតបសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រកាសគាំទ្រតាមអំពាវនាវរបស់សម្តេចហ៊ុន សែន ខណៈដែលសមាគមលើកទឹកចិត្តដល់សមាជិករបស់ខ្លួន ដែលមានប្រតិបត្តិការក្នុងតំបន់ខាងលើនេះជួយសម្របសម្រួលផ្តល់ឥណទានថ្មីៗ ប្រកបដោយភាពងាយស្រួល និងលក្ខខណ្ឌអនុគ្រោះសមស្របចំពោះប្រជាពលរដ្ឋ។សមាគមមីក្រូហិរញ្ញវត្ថុ បានបញ្ជាក់នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ដូច្នេះថា៖«កាយវិការនេះគឺជាការចូលរួមរបស់វិស័យមីក្រូហិរញ្ញវត្ថុ ជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សានិងអភិរក្សតំបន់អង្គរដែលជាបេតិកភណ្ឌ័ពិភពលោកនិងមនុស្សជាតិ»។
សូមបញ្ជាក់ថា រដ្ឋាភិបាលក៏បានប្រកាសផ្តល់ជំនួយជាគ្រឿងឧបភោគបរិភោគមួយចំនួនស័ង្កសីចំនួន៣០សន្លឹកក្នុងមួយគ្រួសាង រួមទាំងថវិកាសរុបក្នុងមួយគ្រួសារ ១៤០ម៉ឺនរៀលផងដែរសម្រាប់ការផ្គត់ផ្គងជីវភាពការរុះរើផ្ទះ និងសាងសង់បង្គន់អនាម័យ។ បន្ថែមពីនេះ សម្តេច ហ៊ុន សែន ក៏បានសម្រេចផ្តល់បណ្ណសមធម៌(ប័ណ្ណក្រីក្រ) និងដល់ស្ត្រីមានផ្ទៃពោះ ជូនដល់ពលរដ្ឋទាំងអស់ដែលយល់ព្រមផ្លាស់ប្តូរលំនៅនេះមានផ្តល់សុពលភាព១០ឆ្នាំផងដែរ៕