បុរសម្នាក់ បានសារភាពនិងបង់ប្រាក់ពិន័យ១លានរៀលដោយសារចោលសំរាមនៅទីសាធារណៈក្នុងក្រុងព្រះសីហុន
ភ្នំពេញ៖ បុរសម្នាក់ដែលចោលសំរាមនៅទីសាធារណៈក្នុងក្រុងព្រះសីហនុត្រូវបានចូលខ្លួនសារភាពកំហុសនិងបង់ប្រាក់ផាកពិន័យចំនួន ១លានរៀលទៅដល់មន្ទីរបរិស្ថានខេត្តព្រះសីហនុតាមផ្លូវច្បាប់នៅថ្ងៃទី១៣ ខែកញ្ញានេះ។
បើតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ ករណីបុរសឈ្មោះកែវ តុលា អាយុ៣៨ឆ្នាំ បានយកសំរាមទៅបោះចោលនៅក្រោយស្ថាននីយប្រេងឥន្ធនៈកាល់តិចស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ សកម្មភាពដែលបុរសចោលសំរាមនោះកើតឡើងនៅថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២២ បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាពទីក្រុងនិងអនាម័យបរិស្ថាន។
តាមរយៈការព្រមានចាត់វិធានការពីឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ បុរសម្នាក់នោះបានសារភាពកំហុសរបស់ខ្លួន នៅចំពោះពោះមុខមន្ទីរបរិស្ថានខេត្តព្រះសីហនុហើយយល់ព្រមបង់ប្រាក់ផាកពិន័យចំនួន១លានរៀល តាមច្បាប់ស្តីពីកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ។ លោក កែវ តុលា បានសន្យាថាខ្លួនឈប់បោះចោលសំរាមនៅតាមទីសាធារណៈតទៅទៀតហើយ។ក្នុងករណីមានលើកក្រោយទៀត រូបលោកសូមទទួលខុសត្រូវនៅចំពោះមុខច្បាប់ជាធរមាន។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានល្អ ដើម្បីថែរក្សាអនាម័យបរិស្ថាននិងលើកស្ទួយសោភ័ណភាពទីក្រុង។ បន្ថែមពីនេះ អាជ្ញាធខេត្ត ស្នើពលរដ្ឋកុំបោះចោលសំរាមនៅតាមទីសាធារណៈដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុង សុខភាពសាធារណៈ ការអភិរក្សជីវចម្រុះនិងបង្កឱ្យមានការបំពុលដល់បរិស្ថាននៅក្នុងខេត្តព្រះសីហនុទាំងមូល។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ពីករណីបុរសដែលចោលសំរាមនៅទីសាធារណៈខាងលើជាសារដាសតឿនដល់ពលរដ្ឋដែលមិនគោរពតាមការណែនាំរបស់រដ្ឋបាលខេត្ត។រដ្ឋបាលខេត្តព្រះសីហនុ ដែលមានមន្ទីរបរិស្ថានជាស្ថាប័នជំនាញនឹងចាត់វិធានការផាកពិន័យតាមផ្លូវច្បាប់៕