ចរចារប្រាក់ឈ្នួល៖ ថៅកែឱ្យ ១៩៧ដុល្លារ, រដ្ឋាភិបាលឱ្យ ១៩៨ដុល្លារ ខណៈតំណាងកម្មករមានតួលេខ៣ផ្សេងគ្នា
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំលើកទី៤ ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភពន្ឌ កាត់ដេរ ផលិតស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៣។ ជាលិទ្ធិផលភាគីតំណាងនីមួយៗនៅតែចរចារគ្នាមិនត្រូវ ហើយនឹងបន្តប្រជុំសម្រេចចុងក្រោយមុនពិធីបុណ្យភ្ជុំបិណ្ឌ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវីជ្ជាជីវៈ នៅថ្ងៃទី១៤ ខែកញ្ញានេះចំពោះលទ្ធិផលនៃកិច្ចប្រជុំតំណាងភាគីនិយោជក បានឯកភាពយកតួលេខ ១៩៧ដុល្លារជាសំឡេងឯកច្ឆ័ន្ទភាពផ្ទៃក្នុងរបស់ខ្លួន។ រីឯតំណាងភាគីរដ្ឋាភិបាលដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ បានកំណត់យកតួលេខចំនួន ១៩៨ដុល្លារ។
ខណៈតំណាងភាគីកម្មករនិយោជិតបានលើកនូវតួលេខចំនួន៣ផ្សេងគ្នា។ ក្នុងនោះមានតួលេខ ២០៦ដុល្លារ មានសំឡេងគាំទ្រចំនួន ៨សំឡេង តួលេខ ២១០ដុល្លារ មានសំឡេងគាំទ្រចំនួន ៣សំឡេង និងតួលេខ ២១៣ដុល្លារ មានសំឡេងគាំទ្រចំនួន៦សំឡេង។
ដោយតំណាងភាគីនិមួយៗ ចរចាមិនទាន់ត្រូវគ្នាក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តកិច្ចប្រជុំសម្រេចចុងក្រោយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ សប្តាហ៍ក្រោយ មុនពិធីបុណ្យភ្ជុំបិណ្ឌ៕