ADB ជាដៃគូសហការដ៏សំខាន់ចំពោះការផ្តល់ជំនួយនិងហិរញ្ញប្បទាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាដៃគូសហការដ៏សំខាន់របស់កម្ពុជា ចំពោះការផ្តល់ជំនួយ និងហិរញ្ញប្បទានដល់កម្ពុជានាពេលកន្លងមក ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ក្នុងជំនួបសម្តែងការគួរសមជាមួយនឹង លោកស្រី យ៉ុតសាណា វ៉ាម៉ា នាយកស្ថានតំណាងតែងតាំងថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា ក្នុងអំឡុងពេលនៃការគំរាមកំហែងសុខភាពសកល ADB បានជួយដល់រដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបបន្ទាន់ទៅនឹងការរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈកម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល បង្កើនការគាំទ្រសង្គមដល់ជនក្រីក្រនិងជនងាយរងគ្រោះ និងផ្តល់ការជំរុញសេដ្ឋកិច្ចដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម។
លោកស្រី យ៉ុតសាណា វ៉ាម៉ា ពេញចិត្តចំពោះកិច្ចសហការរវាងភាគីទាំងពីរ និងបានបង្ហាញសុទ្ឋិនិយមចំពោះនិទស្សន៍សេដ្ឋកិច្ចរបស់កម្ពុជា។ ជាពិសេស លោកស្រី បានអបអរដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅដើមខែសីហាកន្លងទៅ ដោយជោគជ័យ ដែលឆ្លុះបញ្ចាំងពីកិត្តិសព្ទរបស់កម្ពុជានៅក្នុងសហគមន៍អន្តរជាតិ។
ឯកឧត្តម ប្រាក់សុខុន និងលោកស្រី យ៉ុតសាណា វ៉ាម៉ា ទន្ទឹងរង់ចាំធ្វើការរួមគ្នាក្នុងអំឡុងពេលនៃឆ្នាំដ៏ប្រឈមនេះ ដើម្បីជំរុញនូវកំណើនប្រកបដោយបរិយាបន្ន និងចរីភាព ក្រោយវិបត្តិ។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបលោកស្រី យ៉ុតសាណា វ៉ាម៉ា ថា សម្តេច នាយករដ្ឋមន្ត្រី បានផ្ញើលិខិតអញ្ជើញប្រធាន ADB ជាភ្ញៀវរបស់ប្រធានអាស៊ាន ចូលរួមក្នុងកិច្ចសន្ទនាសកលអាស៊ានលើកទី២ ដែលធ្វើឡើងស្របជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ខាងមុខនេះ នៅភ្នំពេញ៕