៨ខែដើមឆ្នាំ ពន្ធដារប្រមូលពន្ធបានជាង២៤០០លានដុល្លារ កើនឡើងជាង ២៧% ធៀបនឹងឆ្នាំ២០២១
ភ្នំពេញ៖ រយៈពេល ៨ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួន ៩៨៧៩,១៤ ប៊ីលានរៀល (ប្រមាណជា ២៤៣៩,២៩លានដុល្លារ) ស្មើនឹង ៨៦,៥១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។ បើធៀបនឹងចំណូលពន្ធ-អាកររយៈពេលដូចគ្នាឆ្នាំ២០២១ កើនឡើង ២១៣៨,៨៦ ប៊ីលានរៀល (ប្រមាណជា ៥១៨,១១លានដុល្លារ) ស្មើនឹង ២៧,៦៦%។
បើយោងតាមកិច្ចប្រជុំសរុបលទ្ធិផលប្រមូលចំណូលពន្ធក្នុងខែសីហាឆ្នាំ២០២២ ដែលអគ្គនាយកដ្ឋានពន្ធដារ ចុះផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ លទ្ធិផលនៃការប្រមូលចំណូលពន្ធ-អាករក្នុងខែសីហា ឆ្នាំ២០២២ មានចំនួន ៩២៧,៩៣ ប៊ីលានរៀល (ប្រមាណជា ២២៩,១២លានដុល្លារ) ស្មើនឹង ៨,១៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ កើនឡើង ១៤៩,១២ ប៊ីលានរៀល (ប្រមាណជា ៣៦,៨២លានដុល្លារ) ស្មើនឹង ១៩,១៥%៕