ស្ថាប័នហិរញ្ញវត្ថុ រៀបចំសិក្ខាសាលា«តួនាទីនៃវិស័យធនាគារនិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថល»
ភ្នំពេញ៖ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលនិងធនាគារជាតិនៃកម្ពុជា រួមគ្នារៀបចំសិក្ខាសាលាស្តីពី«តួនាទីនៃវិស័យធនាគារនិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា»ដើម្បីផ្សព្វផ្សាយពីឌីជីថលលូបនីយកម្មក្នុងវិស័យធនាគារនៅកម្ពុជា។ សិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២២ខាងមុខ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែកញ្ញានេះសិក្ខាសាលាខាងលើមានគោលបំណងផ្សព្វផ្សាយគោលនយោបាយនិងក្របខណ្ឌបទប្បញ្ញត្តិកម្ពុជាទាក់ទងនិងឌីជីថលូបនីយកម្មក្នុងវិស័យធនាគារ។ សិក្ខាសាលានេះព្រមទាំងកំណត់នូវនិន្នាការបច្ចុប្បន្ន បញ្ហាប្រឈម និងកាលានុវត្តភាពនៃឌីជីថលលូបនីយកម្មក្នុងវិស័យធនាគារនៅកម្ពុជា។ជាពិសេស បន្តប្រមូលធាតុចូលល្អៗបន្ថែម និងជាក់លាក់លើវិស័យហិរញ្ញវត្ថុធនាគារដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។
ចំពោះ បច្ចេកវិទ្យាហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការហិរញ្ញវត្ថុមានដូចជា ការទូទាត់ ការសន្សំនិងកម្ចីជាដើម។ ការប្រើប្រាស់ប្រព័ន្ធធនាគារតាមទូរស័ព្ទរបស់ប្រជាជនបានកើនឡើងដែលជំរុញឲ្យប្រតិបត្តិការហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធិភាព ភាពងាយស្រួលនិងឆាប់រហ័សជាងមុន។
សមាសភាពដែលនឹងចូលរួមនៅក្នុងសិក្ខាសាលានេះមានថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, ធនាគារជាតិនៃកម្ពុជា, សមាជិកក្រុមការងាររៀបចំសេចក្តីព្រាគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា, សមាគម, គ្រឹះស្ថានមីគ្រហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុពាក់ព័ន្ធផងដែរ។
គួរបញ្ជាក់ផងដែរថា កន្លងមក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាចំនួន ២លើករួចមកហើយរួមមានសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើគោលនយោបាយនិងទិសដៅនៃវិស័យហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា កាលពីខែមេសាឆ្នាំ២០២២កន្លងទៅ។ ចំណែកសិក្ខាសាលាស្តីពី តួនាទីនៃវិស័យធានារ៉ាប់រងនិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា រៀបចំឡើងនៅខែមិថុនាឆ្នាំ២០២២៕