សមាគមមនុស្សចាស់នៅកម្ពុជា ស្នើឲ្យរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភវ័យចាស់ ខណៈគ្មានលទ្ធភាពរកប្រាក់បន្តទៀត
ភ្នំពេញ៖ តំណាងសមាគមមនុស្សចាស់នៅកម្ពុជាស្នើឲ្យរដ្ឋាភិបាល គិតគូរផ្តល់ប្រាក់ឧបត្ថម្ភវ័យចាស់សម្រាប់ពួកគាត់ដើម្បីជួយដោះស្រាយបញ្ហា ជីវភាព សុខភាព ទាំងក្នុងអំឡុងនិងក្រោយផលប៉ះពាល់នៃជំងឺកូវីដ-១៩។
តំណាងសមាគមមនុស្សចាស់ជិត ២០០នាក់មកពីរាជធានី-ខេត្ត ដែលតំណាងឲ្យមនុស្សចាស់ជាង ៣ម៉ឺននាក់បានចូលរួមក្នុងវេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិ លើកទី២ ស្តីពី៖«សោធនសង្គម សម្រាប់មនុស្សវ័យចាស់នៅកម្ពុជា» ចាប់ពីរសៀលថ្ងៃទី១៣និងព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តបាត់ដំបង។ វេទិកានេះ រៀបចំដោយអង្គការមនុស្សចាស់កម្ពុជាអង្គការអុកស្វាម និង UNDP សហការជាមួយនឹង ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវតីសម្បទា ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនិងតម្រូវការអាទិភាពរបស់មនុស្សវ័យចាស់ក្នុងអំឡុងពេល និងក្រោយពេលជួបវិបត្តិព្រមទាំងបង្កើនការយល់ដឹងរបស់ពួកគាត់ទៅលើក្របខ័ណ្ឌគោលនយោបាយ និងកំណត់នូវធាតុចូលសម្រាប់កិច្ចសន្ទនាគោលនយោបាយស្តីពីសោធនសង្គមនិងគាំពារសង្គមសម្រាប់មនុស្សវ័យចាស់នៅកម្ពុជា។
វេទិកាមនុស្សចាស់ថ្នាក់ជាតិលើកទី២នេះមានតំណាងមនុស្សវ័យចាស់ចំនួន២រូប ក្នុងចំណោម ២៥រាជធានី-ខេត្ត បានលើកឡើងពីគោលបំណងនៃការស្នើឲ្យរដ្ឋាភិបាលជួយផ្តល់ប្រាក់ឧបត្ថម្ភវ័យចាស់សម្រាប់ពួកគាត់។ចំពោះ លោកស្រី ម៉ី អេង អាយុ ៦៨ឆ្នាំ នៅក្រុងបាត់ដំបងបាននិយាយថា គាត់ពិតជាចង់បានប្រាក់ឧបត្ថម្ភខ្លាំងណាស់ ដើម្បីយកប្រាក់ទុកទិញថ្នាំសង្កូវនៅពេលមានជំងឺដង្កាត់។ ចំណែក លោកស្រី សេកសុវណ្ណ អាយុ ៦២ឆ្នាំ នៅរាជធានីភ្នំពេញ បានឱ្យដឹងដែរថា គាត់ត្រូវការប្រាក់ឧបត្ថម្ភក្នុងវ័យចាស់ព្រោះគាត់គ្មានលទ្ធភាពរកចំណូលទៀតទេ គាត់ត្រូវការប្រាក់ដើម្បីទិញម្ហូបអាហារហូបចុកនិងដោះទាល់ជីវភាពប្រចាំថ្ងៃ។
នាយិកានៃអង្គការអុកស្វាម លោកស្រី ភាណ សោភ័ណបានលើកឡើងថា មនុស្សវ័យចាស់គឺជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គមគ្រួសារនិងសង្គមជាតិ។ បើតាមរបាយការណ៍វិភាគលើស្ថានភាពក្រុមងាយរងគ្រោះនិងទទួលការរើសអើងបំផុត គឺមនុស្សវ័យចាស់មានការលំបាកក្នុងការស្វែងរកការងារសិទ្ធិសម្រេចក្នុងគ្រួសារ បញ្ហាសុខភាព រួមទាំងភាពឯកោ។ លោកស្រីបន្តថាការធ្វើចំណាកស្រុកផ្នែកសេដ្ឋកិច្ច បានធ្វើឲ្យបន្ទុកគ្រួសារធ្លាក់មកលើមនុស្សវ័យចាស់រួមទាំងការមើលថែចៅនិងសមាជិកគ្រួសារដទៃទៀត និងការថែទាំខ្លួនឯង ខណៈកិច្ចគាំពារសង្គមនៅមិនទាន់គ្របដណ្តប់មនុស្សវ័យចាស់បានពេញលេញនៅឡើយ។
ជាមួយគ្នានេះ លោក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា បានបញ្ជាក់ថា ខណៈដែលរដ្ឋាភិបាលបានខិតខំជួយដោះស្រាយបញ្ហាប្រជាជនងាយរងគ្រោះរួមទាំងមនុស្សវ័យចាស់ដូចបានធ្វើឡើងតាមរយៈបទដ្ឋាន និងកម្មវិធីនានានោះលោកសង្កេតឃើញថា មនុស្សវ័យចាស់នៅតែប្រឈមនឹងបញ្ហានិងមានតម្រូវការជាច្រើនដែលមិនទាន់ទទួលបានការដោះស្រាយ។ លោកបន្តថាបើប្រៀបធៀបនឹងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងប្រទេសទីម័រ គឺមានតែប្រទេសកម្ពុជា និងប្រទេសឡាវប៉ុណ្ណោះដែលពុំមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់មនុស្សចាស់ទូទៅ។លោកសង្ឃឹមថាវេទិកាខាងលើ អាចក្លាយជាធាតុចូលយ៉ាងចាំបាច់សម្រាប់រដ្ឋាភិបាលដែលឆ្លើយតបនឹងការពិចារណាបន្ថែមជាមួយនឹងការរៀបចំកម្មវិធីកញ្ចប់គ្រួសារ។
យោងតាមរបាយការណ៍ស្រាវជ្រាវស្តីពី៖«ប្រាក់ចំណូលរបស់មនុស្សវ័យចាស់ និងកិច្ចគាំពារសង្គមនៅកម្ពុជា ក្នុងអំឡុងនិងក្រោយពេលរាលដាលជំងឺកូវីដ-១៩» ដែលធ្វើឡើងដោយវិទ្យាស្ថានជាតិដើមឆ្នាំ២០២១បានឲ្យដឹងថាមនុស្សចាស់ប្រមាណ ៥៥% រងផលប៉ះពាល់ផ្នែកប្រាក់ចំណូល និងពុំទាន់បំពេញទៅនឹងតម្រូវការមូលដ្ឋានក្នុងការរស់នៅរបស់ពួកគាត់ខណៈដែល ៤៥% ទៀតកំពុងទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ ពីរដ្ឋាភិបាល។
ដោយឡែកចុងឆ្នាំ២០១៨វិទ្យាស្ថានជាតិក៏បានស្រាវជ្រាវស្តីពី៖«តម្រូវការនិងបញ្ហាប្រឈមរបស់មនុស្សវ័យចាស់នៅកម្ពុជា» ដែលធ្វើក្នុងខេត្តចំនួន៥។ប្រភពនៃប្រាក់ចំណូលចំបងរបស់មនុស្សវ័យចាស់ពឹងផ្អែកទៅលើការផ្គត់ផ្គង់របស់សមាជិកគ្រួសារ (មានរហូតដល់ទៅ ៧១%) និងមានលទ្ធភាពតិចបំផុតក្នុងការស្វែងរកប្រាក់ចំណូលដោយខ្លួនឯងរីឯកេរ្តិ៍អាករបានឲ្យទៅកូនចៅអស់ជាពិសេសមនុស្សចាស់ដែលជាស្ត្រីមិនសូវមានឱកាសទទួលបានការងារដែលមានប្រាក់ចំណូលទេ ពួកគាត់ពឹងផ្អែកស្ទើរតែពីរដងធៀបនឹងបុរសព្រោះពួកគាត់ធ្វើការងារដែលមិនមានប្រាក់កម្រៃដូចជា ការងារផ្ទះ និងមើលថែចៅជាដើម។
របាយការណ៍ទាំងពីរខាងលើ បានផ្តោតសំខាន់ទៅលើការជំរុញឲ្យរដ្ឋាភិបាលគិតគូររៀបចំកម្មវិធីផ្តល់សាច់ប្រាក់ដល់មនុស្សវ័យចាស់ដើម្បីលើកកម្ពស់សុខុមាលភាព និងជួយគាំពារដល់ពួកគាត់កុំឲ្យធ្លាក់ក្នុងស្ថានភាពក្រីក្រនិងងាយរងគ្រោះ៕