សមាគមហិរញ្ញវត្ថុ ឆ្លើយតបរបាយការណ៍ស្រាវជ្រាវ«មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ ការអភិវឌ្ឍនិងបញ្ហាប្រឈម…»
ភ្នំពេញ៖ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានរួមចំណែកធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន [អតិថិជនទទួលសេវាធនាគារនិងហិរញ្ញវត្ថុ] មានភាពប្រសើរឡើងជាពិសេសការបង្កើនប្រាក់ចំណូល និងកម្មសទ្ធិដីធ្លី។ នេះបើយោងតាមការស្រាវជ្រាវស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជារួមមាន៖ ការអភិវឌ្ឍ បញ្ហាប្រឈមនិងអនុសាសន៍នានា»។
ការស្រាវជ្រាវនេះ បានឲ្យដឹងថា អតិថិជនភាគច្រើនគិតថាកម្ចីបានផ្តល់ផលវិជ្ជមានយ៉ាងច្រើនសម្រាប់ពួកគាត់ លើសពីនោះពួកគាត់គិតថាទំនាក់ទំនងជាមួយគ្រឹះស្ថានហិរញ្ញវត្ថុមិនបានបង្កជាបញ្ហាណាមួយសម្រាប់ពួកគាត់ទេ។ ចំពោះផលវិជ្ជមានដែលបានលើកឡើងគឺសំដៅលើឥណទានស្ទើរតែមិនមែនជាហេតុផលចម្បង ដែលនាំឲ្យមានពលកម្មកុមារឬការធ្វើចំណាកស្រុក ផ្ទុយទៅវិញអតិថិជនឥណទានភាគច្រើនទទួលផលវិជ្ជមានពីការកើនឡើងនូវប្រាក់ចំណូលនិងកម្មសិទ្ធិដីធ្លីជាដើម។
ទន្ទឹមនឹងនេះ ការស្រាវជ្រាវក៏បានរកឃើញនូវផលអវិជ្ជមានមួយចំនួនដែរ ទាក់ទងនឹងការវាយតម្លៃឥណទាន ការផ្សព្វផ្សាយនិងការលក់ដីធ្លីសម្រាប់សងឥណទាន ដែលការលក់ដីធ្លីនោះមានប្រមាណ ១,២ភាគរយក្នុងមួយឆ្នាំ។ ការសិក្សាស្រាវជ្រាវក៏បានបញ្ជាក់ដែរថារាល់ការលក់ដីធ្លី មិនមែនសុទ្ធតែតំណាងឲ្យការក្ស័យធន់ផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់គ្រួសារអតិថិជនទេ ប៉ុន្តែអាចពាក់ព័ន្ធនឹងការវិវត្តនៃតម្លៃដីធ្លីនៅកម្ពុជា។
បើតាមសេចក្តីថ្លែងការណ៍របស់សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) កាលពីថ្ងៃទី១៦ ខែកញ្ញាកន្លងទៅ ABC និង CMA បានយល់ជ្រាបពីរបាយការស្រាវជ្រាវស្តីពី«មីក្រូហិរញ្ញវត្ថុនៅកម្ពុជារួមមាន៖ ការអភិវឌ្ឍ បញ្ហាប្រឈមនិងអនុសាសន៍នានា» ដែលគាំទ្រដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (BMZ)នេះ សមាគមទាំងពីរនូវមានការព្រួយបារម្មណ៍ចំពោះការស្រាវជ្រាវដែលលើកឡើងព្រោះការស្រាវជ្រាវមិនទាន់បានឆ្លុះបញ្ចាំងរូបភាពទាំងស្រុងនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅឡើយទេអាចបណ្តាលមកពីការកំណត់និយមន័យខុសគ្នានូវពាក្យ «បំណុលច្រើនលើសលប់»ឬទៅលើទិដ្ឋភាពខុសគ្នាក្នុងបរិបទនៃវិស័យនេះ។
សមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឡើកឡើងថា ប្តេជ្ញាផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវដែលជាបេសកកម្មស្នូលនៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូល។ ជាពិសេស សមាគមទាំងពីរនិងដៃគូពាក់ព័ន្ធនានានៅតែបន្តប្រឹងប្រែងក្នុងការធានាឲ្យវិស័យហិរញ្ញវត្ថុរីកចម្រើនប្រកបដោយនិរន្តភាពនិងការចូលរួមជាវិជ្ជមានដល់អតិថិជន៕