រំហូរទុនវិនិយោគមកក្នុងតំបន់អាស៊ានកើន ១៧៤ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១ ស្មើនឹងឆ្នាំ២០១៩ មុនរងឥទ្ធិពលនៃជំងឺកូវីដ-១៩
Posted by -
Phoung Somphors
Published on -
20/9/2022 9:45 AM

ភ្នំពេញ៖ អង្គប្រជុំរដ្ឋមន្ត្រីក្រុមប្រឹក្សាវិនិយោគអាស៊ាន បានពិភាក្សាស្តីពីការធ្វើឱ្យប្រសើរឡើងនូវបិរយាកាសវិនិយោគក្នុងតំបន់អាស៊ាន ដើម្បីធ្វើឱ្យតំបន់បន្តក្លាយជាគោលដៅវិនិយោគ និងជាមូលដ្ឋានផលិតកម្មក្នុងតំបន់។ ក្នុងកិច្ចប្រជុំនោះ ក៏បានកត់សម្គាល់នូវរំហូរទុនវិនិយោគមកក្នុងតំបន់អាស៊ាននៅឆ្នាំ២០២១ មានប្រមាណ ១៧៤ ប៊ីលានដុល្លារអាមេរិក ដែលស្មើគ្នានឹងឆ្នាំ២០១៩ ផងដែរ។

កិច្ចប្រជុំរដ្ឋមន្ត្រីវិនិយោគនៃបណ្តាប្រទេសអាស៊ានលើកទី២៥ រៀបចំកាលពីថ្ងៃទី១៤ ដល់១៨ កញ្ញា ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ បានពិនិត្យនូវរបាយការណ៍ស្តីពីការអង្កេតការវិនិយោគអាស៊ានឆ្នាំ២០២២ ដែលត្រូវបានចងក្រដោយសន្និសីទអង្គការសហប្រជាជាតិសម្រាប់ពាណិជ្ជកម្មនិងការអភិឌ្ឍ (UNCTAD)។ ក្នុងរបាយការណ៍នោះ បានបង្ហាញឱ្យដឹងពីការកើនឡើងវិញគួរឱ្យកត់សម្គាល់នូវរំហូរទុនវិនិយោគក្នុងឆ្នាំ២០២១ មានប្រមាណ ១៧៤ ប៊ីលានដុល្លារអាមេរិក ដែលស្មើនឹងរំហូរទុនវិនិយោគក្នុងឆ្នាំ២០១៩ មុននឹងក្នុងតំបន់ទាំងមូលទទួលរងឥទ្ធិពលនៃជំងឺកូវីដ-១៩។

ក្នុងចំណោមទុនវិនិយោគទាំងនោះការបោះទុនវិនិយោគក្នុងវិស័យកម្មន្តសាល ជាកត្តាលីការក្នុងការស្តារសេដ្ឋកិច្ចអាស៊ាននៅក្រោយពេលវិបត្តិនៃជំងឺកូវីដ-១៩ ដែលមានភាពលេចធ្លោជាងគេ។ ទន្ទឹមនឹងការសង្កេតឃើញអំពីការកើនឡើងនៃការវនិយោគថ្មីនេះក្នុងរយបាយការណ៍របស់ UNCTAD ក៏បានលើកឡើងពីកិច្ចសម្រួលដោយផ្តល់ភាពងាយស្រួលដល់វិនិយោគិន គឺជារបៀបវារៈអាទិភាពមួយរបស់បណ្តាប្រទេសនៅជុំវិញពិភពលោកដើម្បីទាក់ទាញវិនិយោគបន្ថែមទៀត និងដើម្បីស្តារសេដ្ឋកិច្ចជាតិនៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន ឯកឧត្តម សុខ ចិន្តាសោភាតំណាងឱ្យកម្ពុជា ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី២៥ នៅខេត្តសៀមរាមលើកឡើងថា អាស៊ានទទួលស្គាល់ថាសេដ្ឋកិច្ចពិភពលោកក៏ដូចជាតំបន់អាស៊ានកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩, សង្គ្រាមនៅអ៊ុយក្រែន, ភាពតានតឹងភូមិសាស្រ្តនយោបាយ និងការប្រែប្រួលអាកាសធាតុផងដែរ។

ប្រធានដឹកនាំកិច្ចជុំរដ្ឋមន្ត្រីក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី២៥ រូបនេះ បានបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ អាស៊ានត្រូវរួមគ្នាជាងពេលណាៗទាំងអស់ ហើយត្រូវបន្តសហការគ្នា ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានានិងបន្តជំរុញ និងទាក់ទាញការវិនិយោគប្រកបដោយនិរន្តរភាព និងបរិយាប័ន្នមកក្នុងតំបន់អាស៊ាន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំតំបន់វិនិយោគអាស៊ានលើកទី២៥ ដែលក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយនេះបានឱ្យដឹងដែរថា រដ្ឋមន្ត្រីវិនិយោគអាស៊ានសារទរចំពោះរបាយការណ៍របស់អង្គការសហប្រជាជាតិសម្រាប់ពាណិជ្ជកម្មនិងការអភិឌ្ឍ (UNCTAD) បានចងក្រងនេះ។ រដ្ឋមន្ត្រីវិនិយោគតាមបណ្តាប្រទេសមួយចំនួនបានបន្ថែមថា ការតភ្ជាប់នៅក្នុងតំបន់ជាពិសេសការតភ្ជាប់នៅតាមព្រំដែន នៃបណ្តាប្រទេសជិតខាងនឹងផ្តល់សារប្រយោជន៍ទៅដល់កិច្ចសម្រួលពាណិជ្ជកម្មនិងការវិនិយោគ។ ម្យ៉ាងទៀត ការធ្វើសាមញ្ញកម្មនីតិវិធីក្នុងការសម្រេចកិច្ចការពាក់ព័ន្ធនឹងការវិនិយោគ និងការជំរុញនូវឌីជីថលភាវូបនីយកម្មនឹងជួយពន្លឿនដល់ការសម្រេចឱ្យបាននូវក្របខ័ណ្ឌនៃការវិនិយោគរួមមួយដែលហៅថា«ក្របខ័ណ្ឌឌីជីថលតែមួយ»៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236