លោកជំទាវ ជា សិរី រម្លឹកការចរាចរប្រាក់រៀលក្រោយរបបខ្មែរក្រហម​​ ខណៈពេលដែលពលរដ្ឋមិនទម្លាប់និងដឹងពីតម្លៃក្នុងការចាយវាយ
Posted by -
Phoung Somphors
Published on -
21/9/2022 1:14 PM

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរីឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស រម្លឹកពីការដាក់ឲ្យចរាចរក្រដាសប្រាក់រៀលឡើងវិញនៅឆ្នាំ១៩៨០ ក្រោយពីសម័យរំដោះក្នុងរបបខ្មែរក្រហម។ កាលនោះប្រជាជនខ្មែរមិនទាន់មានទម្លាប់ក្នុងការចាយជាក្រដាសប្រាក់រៀលនៅឡើយទេ ពោលគឺពួកគាត់នៅប្រើរបៀបដោះដូរទំនិញឬសេវាកម្ម ដោយគិតជាមាសចំនួនប៉ុន្មានជី ឬអង្ករចំនួនប៉ុន្មានកំប៉ុងជាដើម។ ការរក្សាទម្លាប់បែបនេះ ដោយសារតែប្រជាជនមិនទាន់យល់ដឹងពីតម្លៃនៃក្រដាសប្រាក់ថា ត្រូវឲ្យចំនួនប៉ុន្មានរៀលនៅក្នុងការទិញទំនិញឬសេវាកម្មអ្វីមួយ។

បើតាមការបញ្ជាក់របស់លោកជំទាវ ជា សិរី ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី៖«ប្រាក់រៀល» នៅខេត្តកំពង់ធំ កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២នេះ ថា ដោយមើលឃើញពីបញ្ហានេះ រដ្ឋាភិបាលនាពេលនោះបានកំណត់ថាក្នុងអង្ករមួយកំប៉ុងស្មើនឹងប៉ុន្មានរៀលឬមាសមួយជីស្មើនឹងចំនួនប៉ុន្មានរៀលជាដើម។

បន្ថែមពីនេះ លោកជំទាវ ជា សិរី បានលើកឡើងថាក្រោយបញ្ចប់ពីរបបខ្មែរក្រហមភ្លាម ការងារអាទិភាពដែលត្រូវស្តារប្រទេសជាតិឡើងវិញ ក្នុងនោះការបោះពុម្ពក្រដាសប្រាក់ឡើងវិញ ជាអាទិភាពចម្បងមួយដើម្បីឲ្យប្រតិបត្តិការក្នុងសេដ្ឋកិច្ចមានប្រសិទ្ធិភាពខ្ពស់ជាជាងឲ្យប្រជាជនគ្រាន់តែដើរដូរទំនិញ ឬសេវាកម្មមួយចំណាយពេលយូរ។

លោកជំទាវ ជា សិរី បន្តថា ទម្រាំតែប្រាក់រៀលទទួលបានទំនុកចិត្តដូចសព្វថ្ងៃត្រូវជួបឧបសគ្គជាច្រើនរួមមាន៖ ភាពទន់ខ្សោយនៃសេដ្ឋកិច្ចកម្ពុជាក្នុងទស្សវត្សឆ្នាំ១៩៨០ បានបង្កឲ្យទំនិញឡើងថ្លៃខ្លាំង និងប្រាក់រៀលធ្លាក់ថ្លៃ ចំណែកការអូសបន្លាយសង្គ្រាមស៊ីវិលរហូតដល់ចុងឆ្នាំ១៩៩៨ ក៏បានធ្វើឲ្យចរាចរប្រាក់រៀលមិនមានភាពទូលំទូលាយក្នុងតំបន់មួយចំនួន និងតាមព្រំដែន។ ជាពិសេស លំហូរនៃប្រាក់ដុល្លារអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងសេដ្ឋកិច្ចកម្ពុជានៅដើមទស្សវត្សឆ្នាំ១៩៩០ ដែលធ្វើឲ្យប្រជាជនក៏ដូចជាវិស័យឯកជនមានទម្លាប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដោយផ្ទាល់រហូតមកដល់បច្ចុប្បន្ន។

ចំពោះ បញ្ហាប្រឈមពេលនោះ រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលចាប់តាំងពីទស្សវត្សឆ្នាំ២០០០មក បន្ទាប់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។ ជាមួយគ្នានេះ ការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានធ្វើឲ្យចរាចរទំហំប្រាក់រៀលបានកើនឡើងជាលំដាប់ ខណៈតម្លៃប្រាក់រៀលមានស្ថិរភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការនិងជំនឿទុកចិត្តរបស់ប្រជាជនមកលើការប្រើប្រាស់ប្រាក់រៀល។

បើតាមលទ្ធផលអង្កេតរបស់ធនាគារជាតិ នៃកម្ពុជា សហការជាមួយនិងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនកាលពីឆ្នាំ២០១៧ កន្លងមក បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្តនិងការប្រើប្រាស់កាន់តែច្រើនជាពិសេស ចំពោះការចំណាយប្រចាំថ្ងៃនៅតាមតំបន់ជនបទប្រាក់រៀលបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាជនមិនថា ប្រាក់ចំណូលប្រាក់ចំណាយ ឬប្រាក់សន្សំនោះទេ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236