ប្រាក់ខែកម្មករឆ្នាំ២០២៣ កើនដល់២០០ដុល្លារក្រោយសម្តេច ហ៊ុន សែន ថែមឱ្យ២ដុលារ
ភ្នំពេញ៖ តំណាងភាគីទាំង៣ ដែលមានតំណាងសហជីពរបស់កម្មករនិយោជិតនិងតំណាងនិយោជក និងតំណាងរដ្ឋាភិបាល បានចរចាលើប្រាក់ខែគោលសម្រាប់ឆ្នាំ២០២៣ ចំនួន៥លើកមក បានសម្រេចបោះឆ្នោតយកតួលេខចំនួន ១៩៨ដុល្លារ ជាប្រាក់ខែគោលថ្មីសម្រាប់កម្មករ-កម្មការិនី។ ជាមួយគ្នានេះ សម្រេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបន្ថែមចំនួន២ដុល្លារទៀត ដូច្នេះ ប្រាក់ខែគោលរបស់កម្មករកើនឡើងដល់២០០ដុល្លារ។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសសម្រេចពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែងជើង និងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៣ កើនដល់២០០ដុល្លារ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងប្រាក់ខែចំនួន ១៩៨ដុល្លារ ចំពោះកម្មករនិយោជិតសាកល្បង។ ប្រាក់ខែគោលថ្មីនេះ ចាប់ផ្តើមអនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣តទៅ។
ក្រសួងការងារបានបញ្ជាក់ថា ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សារទុកនៅដដែល មានដូចជា ប្រាក់សាហ៊ុយធ្វើដំណើរនិងស្នាក់នៅចំនួន ៧ដុល្លារក្នុងមួយខែ, ប្រាក់រង្វាន់ធ្វើការទៀតទាត់ចំនួន១០ដុល្លារក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់កម្មករធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន២ពាន់រៀលក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចំនួនពី២ដុល្លារ ដល់១១ដុល្លារក្នុងមួយខែ សម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។ ដូច្នេះ ជាមធ្យមកម្មករនិយោជិតម្នាក់នឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួន ២១៧ដុល្លារដល់ ២២៨ដុល្លារក្នុងមួយខែ៕