ភ្ជុំបិណ្ឌ៖ ក្រសួងទេសចរណ៍ប្រាប់ម្ចាស់អាជីវកម្ម រក្សាតម្លៃផលិតផលនិងសេវាកុំឱ្យថ្លៃហួសហេតុ
Posted by -
Phoung Somphors
Published on -
21/9/2022 6:30 PM

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញសារាចរណែនាំពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ដោយតម្រូវឱ្យរក្សាតម្លៃផលិតផលនិងសេវាកម្មបានសមរម្យ ដោយបញ្ជាក់ពីតម្លៃស្នាក់នៅម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាងដើម្បីឱ្យភ្ញៀវបានឹងជាមុន ចៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ក្នុងករណីមិនអនុវត្តតាមត្រូវប្រឈមមុខចំពោះច្បាប់។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិរយៈពេល៣ថ្ងៃ​​ ចាប់ពីថ្ងៃទី២៤ដល់២៦ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងទេសចរណ៍ណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ។ ក្រសួងបញ្ជាក់ថា រាល់តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីឱ្យភ្ញៀវបានដឹងជាមុន ចៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ក្រសួងទេសចរណ៍ព្រមានថា ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយទេម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ទន្ទឹមនឹងនេះ ក្រសួងក៏បានណែនាំឱ្យមន្ទីរទេសចរណ៍ទាំងអស់ ជំរុញការអនុវត្តវិធានការសុខាភិបាលរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរ។ បន្ថែមពីនេះ ក៍ជំរុញឱ្យម្ចាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានារៀបចំឱ្យមានកម្មវិធីលើកទឹកចិត្តចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង​ ខណៈដែលបុគ្គលិកបម្រើការទាំងអស់ ត្រូវទទួលបានការចាក់វ៉ាក់សាំងតាមការកំណត់របស់ក្រសួងសុខាភិបាល។

ចំពោះម្ចាស់ទូកដ កាណូតទេសចរណ៍និងមធ្យោបាយដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹកនានា ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មន្ទីរទេសចរណ៍ត្រូវណែនាំដល់ពួកគេដោយមិនឱ្យផ្ទុកលើលចំណុះ និងត្រូវបំពាក់នូវសម្ភារសង្គ្រោះចាំបាច់នានាផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236