ស្ថាប័នហិរញ្ញវត្ថុ៣ រួមគ្នាលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា
Posted by -
Phoung Somphors
Published on -
21/9/2022 11:29 PM


ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា (CMA) និងសមាគមសហព័ន្ធកម្ពុជា និងបច្ចេកវិទ្យានៃកម្ពុជា (CAFT)​បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា​ក្នុងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងការលើកកម្ពស់បច្ចេកវិទ្យានៅកម្ពុជា បរិយាបន្នហិរញ្ញវត្ថុ ការកសាងសមត្ថភាព និងការលើកកម្ពស់ប្រព័ន្ធអេកូបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាសម្រាប់ធ្វើធុរកិច្ចក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ វ៉ូសវូត ភ្នំពេញ ដែលបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមរបស់សមាគមទាំងបី ក្នុងការលើកកម្ពស់លើការអភិវឌ្ឍក្របខណ្ឌបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសចូលរួមជាមួយរដ្ឋាភិបាល ក្នុងការសម្រេចនូវគោលដៅនៃការអនុវត្តបច្ចេកវិទ្យា និងការធ្វើបវិវត្តិកម្មឌីជីថលនៅកម្ពុជារួមមាន ប្រជាជនឌីជីថល ធុរកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល។

ការចុះអនុស្សរណៈយោគយល់គ្នាទាំងបីសមាគមនេះ នឹងជំរុញការប្តេជ្ញាចិត្តរបស់សមាគមទាំងបីនៅក្នុងវិស័យហិរញ្ញវត្ថុ និងប្រជាជនកម្ពុជា ឲ្យមានការសហការដើម្បីបម្រើដល់ដៃគូនៅក្នុងឧស្សាហកម្ម និងការចូលរួមអនុវត្តនិងតាមដាននូវក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំពោះវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬសហគមន៍ធរុកិច្ចបង្កើតថ្មីនៅកម្ពុជា និងការសហការរួមគ្នាលើសកម្មភាពនៃការអនុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការកសាងសមត្ថភាព។

ប្រធានសមាគមធនាគារនៅកម្ពុជា លោក Raymond Sia បានបញ្ជាក់ថា ឌីជីថលូបនីយកម្ម នវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺនៅជុំវិញអតិថិជន ចំណែកឧស្សាហកម្មហិរញ្ញវត្ថុ គឺសម្រាប់បម្រើដល់ប្រជាជន រីឯសេវាហិរញ្ញវត្ថុ គឺជាសេវាចាំបាច់ដំបូងគេ។ ដូច្នេះដើម្បីធានាថាសេវាហិរញ្ញវត្ថុបានទៅដល់ប្រជាជនគឺមានសារៈសំខាន់ណាស់ សម្រាប់ភាពជោគជ័យ និងនិរន្តរភាពនៃវិស័យសេដ្ឋកិច្ច។

ចំពោះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជឿជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមទាំងបី​នឹងរួមចំណែកក្នុងការលើកស្ទួយប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ និងជាឱកាសថ្មីមួយសម្រាប់ប្រជាជនសិក្សាស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ជាពិសេសអ្នកដែលមានអាជីវកម្មក្នុងវិស័យហិរញ្ញវត្ថុអាចយកទៅអនុវត្តឲ្យមានប្រសិទ្ធិភាពក្នុងប្រតិបត្តិការរបស់ខ្លួននាថ្ងៃអនាគត។

ចំណែក ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា លោក ប៉ិល រ៉េម៉ីស៊ីសុផុន បានលើកឡើងថា អនុស្សរណៈយោគយល់គ្នានេះជាស្មារតីនៃកិច្ចសហការ ដែលត្រឹមត្រូវសម្រាប់សមាគមទាំងបី រួមគ្នាដោះស្រាយបញ្ហាតាមវិស័យ ដោយលើកកម្ពស់ការយល់ដឹង ការអប់រំ និងការបង្កើតថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលកំពុងជួបប្រទះ។

ដោយឡែក លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា តំណាងឲ្យឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអបអរចំពោះសមាគមទាំងបី ដែលឈានដល់ការចុះអនុស្សរណៈយោគយល់គ្នានេះ ដែលបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការធ្វើឲ្យប្រសើរឡើងនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍។

លោក គិត សុវណ្ណារិទ្ធ បន្តថាតួនាទីរបស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fin Tech) នៅក្នុងឧស្សាហកម្មធនាគារ កំពុងរីកចម្រើនយ៉ាងខ្លាំង ជាពិសេសអំឡុងពេលរាលដាលជំងឺកូវីដ-១៩ និងការដាក់ឲ្យប្រើប្រាស់ផលិតផល និងសេវាធនាគារប្រកបដោយភាពច្នៃប្រឌិតដូចជា កាតទូទាត់និម្មិត បច្ចេកវិទ្យា Contactless កាតទូទាត់តាមទូរសព្ទដៃ ការទូទាត់ OR Code និងការវាយតម្លៃឥណទានតាមអនឡាញជាដើម។ ដូច្នេះបច្ចេកវិទ្យាហិរញ្ញវត្ថុ នឹងផ្តល់នូវភាពងាយស្រួល តម្លៃសមរម្យ លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម និងប្រជាជនដែលមិនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236