ភ្ជុំបិណ្ឌ៣ថ្ងៃ មានភ្ញៀវទេសចរដើរលេងជាង១,២លាន់នាក់, ខេត្តបាត់ដំបង សៀមរាប និងកែបច្រើនជាងគេ
Posted by -
Phoung Somphors
Published on -
7/10/2022 10:29 PM

ភ្នំពេញ៖ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង១លាន ២សែននាក់ បានដើរកម្សាន្តនាពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ក្នុងនោះខេត្តបាត់ដំបង សៀមរាប និងកែប មានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ។

ក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី២៧ខែ កញ្ញានេះ ថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបទូទាំងប្រទេសចំនួន ១,២៥៩,១២១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២៤៤,៦៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៤,៤៧៩នាក់។

ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិរយៈពេល៣ថ្ងៃនោះ មានភ្ញៀវទៅលេងខេត្តចំនួន៣ច្រើនជាងគេ ក្នុងនោះខេត្តបាត់ដំបងមានចំនួន ២១០,១២២នាក់ ខេត្តសៀមរាបមានចំនួន ១៤៣,៤៧០នាក់ ខេត្តកែមានចំនួន ១១៦,៧៧៦នាក់។

តួលេខភ្ញៀវទេសចរដើរកម្សាន្តរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌបានកើនឡើងរហូតដល់ទៅ៨៩.៤៣% ធៀបនឹងរយៈពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១។ ចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់នេះ ក្រសួងទេសចរណ៍បញ្ជាក់ថា ដោយសាររាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការកម្សាន្តនៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ហើយប្រជាពលរដ្ឋអាចទៅធ្វើបុណ្យទាននៅតាមទីវត្តអារាមនានា ដោយពុំមានការរឹតត្បិត ដែលខុសពីឆ្នាំ២០២១កន្លងទៅ ប្រជាពលរដ្ឋបានត្រឹមយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅត្រឹមមុខខ្លោងទ្វារចូលវត្តដោយសារវិបត្តិជំងឺកូវីដ-១៩៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236