រដ្ឋមន្រ្តី ថោង ខុន ឱ្យគ្រប់មន្ទីរទេចរណ៍ទប់ស្កាត់«ល្បែងស៊ីសង»ក្នុងអាជីវកម្មទេសចរណ៍
Posted by -
Phoung Somphors
Published on -
27/9/2022 4:41 PM

ភ្នំពេញ៖ ឯកឧត្ដម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសឱ្យប្រធានមន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត ចូលរួមសហការទប់ស្កាត់សកម្មភាពល្បែងស៉ីសងក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ សារាចរណែនាំដែលផ្សព្វផ្សាយកាលពីថ្ងៃទី២៣ កញ្ញានេះ ធ្វើឡើងដោយយោងតាមសារសំលេងរបស់សម្តេចនាយរដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ កញ្ញា ស្តីពី៖«ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅកម្ពុជា»។

ក្នុងសារាចរណែនាំនោះ ឯកឧត្ដមថោង ខុន បានប្រាប់ដល់ប្រធានមន្ទីរទេសចរណ៍ទាំងអស់បន្តចុះក្រើនរម្លឹក​ និងណែនាំដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់ច្បាប់បទប្បញ្ញត្តិជាធរមាន និងលក្ខខណ្ឌនានាដែលមានភ្ជាប់នឹងអាជ្ញាបណ្ណទេសចរណ៍។ បន្ថែមពីនេះ អាជីវកម្មទេសចរណ៍ត្រូវចាត់តាំងឱ្យមានបុគ្គលិកប្រចាំការ ដើម្បីតាមដាន និងរាយការណ៍ឬប្ដឹងជាបន្ទាន់ទៅនគរបាលទេសចរណ៍ និងអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុតក្នុងករណីសង្ស័យថា មានការប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឬបទល្មើសផ្សេងទៀត។

ឯកឧត្ដមរដ្ឋមន្ត្រី ថោងខុន បានបន្តណែនាំឱ្យអាជីវកម្មទេសចរណ៍មិនត្រូវធ្វេសប្រហែសឬបង្កលក្ខណៈឱ្យជនឆ្លៀតឱកាសប្រើប្រាស់ទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍ ជាកន្លែងប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឬបទល្មើសផ្សេងទៀតនោះឡើយ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានជំរុញឱ្យមានកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរដែនដី ដើម្បីអនុវត្តចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ទាំងឡាយណា ដែលមិនបានរៀបចំទីតាំងរបស់ខ្លួនតាមការណែនាំ ទោះបីជាអចេតនាក្តីនឹងក្លាយជាកម្មវត្ថុនៃការលុបចោលអាជ្ញាបណ្ណទេសចរណ៍ស្របតាមស្មារតីមាត្រា៤៤ នៃច្បាប់ស្តីពីទេសចរណ៍៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236